26 C
Phnom Penh

អតីតទីប្រឹក្សាលោក ហ៊ុន ម៉ាណែត អះអាងមន្រ្តីកម្ពុជាបានធ្វើអាជីវកម្មក្នុងផ្សារងងឹតនៅប្រទេសអូស្រ្តាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតទីប្រឹក្សាលោក ហ៊ុន ម៉ាណែត អះអាងមន្រ្តីកម្ពុជាបានធ្វើអាជីវកម្មក្នុងផ្សារងងឹតនៅប្រទេសអូស្រ្តាលី សកម្មជនសហគមន៍ខ្មែរ និងជាអតីតទីប្រឹក្សារបស់លោក ហ៊ុន ម៉ាណែត លោកស្រី គី កល្យាណ បានលាតត្រដាងប្រាប់ទូរទស្សន៍ Aljazeera ថា លោក ហ៊ុន សែនកំពុងបង្កើតបណ្តាញដ៏មានឥទ្ធិពល ក្នុងសហគមន៍ខ្មែរ ក្នុងប្រទេសអូស្រ្តាលីដើម្បីទ្រទ្រង់ដល់ការដឹកនាំនៅកម្ពុជា និងមានការធ្វើពាណិជ្ជកម្មក្រៅផ្លូវការ។

លោកស្រី គី កល្យាណ បញ្ជាក់ថា ការធ្វើពាណិជ្ជកម្មក្រៅផ្លូវការរួមមានការលក់ដូរទំនិញក្នុងផ្សារងងឹត ដូចជាឥវ៉ាន់ដែលមានតំលៃ សាច់ប្រាក់សុទ្ធ និងគ្រឿងញៀនជាដើម។

លោកស្រីបន្តថា មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងកងកំលាំង ប្រដាប់អាវុធតែងផ្ញើលុយដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្ពុជា មកឲ្យ គ្រួសាររបស់ពួកគេ ក្នុងប្រទេសអូស្រ្តាលីដើម្បីទិញផ្ទះ និងយាន្តជំនិះជាដើម ហើយមានការសួរនាំតិចតួចបំផុតពីសមត្ថកិច្ចរបស់ប្រទេសអូស្រ្តាលី។

លោកស្រីបានប្រាប់ Aljazeera ថា លោកស្រីធ្លាប់បានបង្ហាញការព្រួយបារម្ភអំពីបញ្ហានេះទៅកាន់រដ្ឋាភិបាលអូស្រ្តាលីដែរ ប៉ុន្តែរដ្ឋាភិបាលអូស្រ្តាលីមិនបានបញ្ជាឲ្យមានការចាត់វិធាន ការស៊ើបអង្កេតណាមួយឡើយ។

ក្រៅពីទូរទស្សន៍ Aljazeera រកឃើញលោក គង់ វិបុល ប្រធាននាយកដ្ឋានពន្ធដារនៃរបបលោក ហ៊ុន សែន មានលុយរាប់លានដុល្លារកំពុងបើកក្រុមហ៊ុនក្នុងប្រទេសអូស្រ្តាលីនោះ ទូរទស្សន៍នេះក៏បានរកឃើញក្មួយប្រុសរបស់លោក ហ៊ុន សែន គឺលោកហ៊ុន តូ កំពុងរស់នៅលើគំនរទ្រព្យសម្បត្តិមហាសាលក្នុងប្រទេសអូស្រ្តាលីដែរ។

សមត្ថកិច្ចអូស្រ្តាលីមានការសង្ស័យថា លោក ហ៊ុន តូ អាចជាប់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។

Aljazeera ក៏បានឲ្យដឹងដែរថា ទ្រព្យសម្បត្តិមហាសាលរបស់លោក ហ៊ុន តូ ក្នុងប្រទេសអូស្រ្តាលី មិនបានដាក់ឈ្មោះរបស់លោកនោះទេ ប៉ុន្តែដាក់ឈ្មោះភរិយារបស់លោកមានតំលៃរាប់លានដុល្លារ។

ទូរទស្សន៍ Aljazeera កាលពីថ្ងៃទី១២ ខែកក្កដា បានចុះផ្សាយថា ភរិយារបស់លោក ហ៊ុន តូ កាលពីពេលថ្មីៗនេះ បានទិញដីតម្លៃ ជិត១លានដុល្លារ ដោយប្រើសាច់ប្រាក់សុទ្ធតែម្តង ហើយកំពុងសង់ផ្ទះ វីឡាដ៏ធំល្វឹងល្វើយយ៉ាងថ្លៃកប់ពពកថែមទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស