ធនាគារជាតិនៃកម្ពុជាប្រកាសឲ្យពលរដ្ឋប្រយ័ត្នខ្ពស់ចំពោះការ ជួញដូរលុយអេឡិចត្រូនិក ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលប័ត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃសុក្របានរួមគ្នាប្រកាស ហើយព្រមានផ្ដន្ទាទោសតាមច្បាប់ ចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលហ៊ាន ជួញដូរលុយអេឡិចត្រូនិក។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចបានសង្កេតឃើញថា មានការផ្សព្វផ្សាយអំពីចរាចរទិញ-លក់ ជួញដូរកាក់អេឡិចត្រូនិក ដូចជា KH Coin, Sun coin, K coin, One-coin, Forex coinនិងលុយអេឡិចត្រូនិក នៅកម្ពុជា។
សមត្ថកិច្ចបញ្ជាក់ថា ការផ្សព្វផ្សាយចរាចរទិញ-លក់ ជួញដូរ ទូទាត់ កាក់អេឡិចត្រូនិក ដោយមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ច ជាសកម្មភាពខុសច្បាប់ ព្រមទាំងបង្កហានិភ័យ ធ្ងន់ធរដល់សាធារណជន និងសង្គមទាំងមូល ហើយអាចប្រឈមនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដែលអាចធ្វើឲ្យបាត់បង់នូវមូលនិធិ ដោយសារការលួចចូលទៅក្នុងប្រព័ន្ធគណនេយ្យ។
កន្លងមកធនាគារជាតិនៃកម្ពុជា និងគណៈកម្មការមូលប័ត្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងជាបន្តបន្ទាប់ដែរ ពាក់ព័ន្ធនឹងការ ហាមមិនឲ្យជួញដូរលុយអេឡិចត្រូនិក ជាមួយក្រុមហ៊ុនណាដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ព្រោះអាចបណ្ដាលឲ្យខូចខាតប្រយោជន៍របស់សាធារណជន៕