វីដេអូ

Aljazeera ចុះផ្សាយថា កូនប្រសាររបស់លោក ហ៊ុន សែន កំពុងបើកក្រុមហ៊ុនរកស៊ីលក់ម៉ូតូក្នុងប្រទេសអូស្រ្តាលី

By ឌឹ ខេមបូឌា ដេលី

July 16, 2018

Aljazeera ចុះផ្សាយថា កូនប្រសាររបស់លោក ហ៊ុន សែន កំពុងបើកក្រុមហ៊ុនរកស៊ីលក់ម៉ូតូក្នុងប្រទេសអូស្រ្តាលី ទូរទស្សន៍Aljazeera បានរកឃើញថា កូនប្រសាររបស់លោក ហ៊ុន សែនគឺលោក ឌី វិជ្ជា ដែលជាអគ្គស្នងការរងនគរបាលជាតិ និងជាប្តី របស់អ្នកស្រី ហ៊ុន ម៉ាណា កំពុងរកស៊ីបើកក្រុមហ៊ុននាំចេញនាំចូលម៉ូតូ ទំនើបក្នុងប្រទេសអូស្រ្តាលី។

ទូរទស្សន៍មួយនេះក៏បានឲ្យដឹងផងដែរ ថា លោក ឌី វិជ្ជាបានទិញផ្ទះវីឡាមួយខ្នងក្នុងទីក្រុងMelbourneតម្លៃ៤សែនដុល្លារអូស្រ្តាលី ដោយប្រើសាច់ប្រាក់សុទ្ធ។

លោក ឌី វិជ្ជា ជាកូនប្រុសបង្កើតរបស់អតីតអគ្គស្នងការនគរបាលជាតិ គឺលោក ហុក ឡងឌី ដែលល្បីល្បាញខាងការរំលោភសិទ្ធិមនុស្ស និង ការបញ្ជាឲ្យសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការដោយឥតញញើតដៃ។

ចំណែកអ្នកស្រី ហ៊ុន ម៉ាណា ដែលជាកូនស្រីរបស់លោក ហ៊ុន សែន ត្រូវបានអង្គការឃ្លាំមើលពិភពលោក កាលពីឆ្នាំ២០១៦ បានរកឃើញថា អ្នកស្រីកំពុងក្តោបក្តាប់ក្រុមហ៊ុន និងភាគហ៊ុនសំខាន់ យ៉ាងច្រើនរបស់ប្រទេសគិតជាទឹកប្រាក់មានចំនួនច្រើនលានដុល្លារសហរដ្ឋអាមេរិក។

សកម្មជនសហគមន៍ខ្មែរ និងជាអតីតទីប្រឹក្សារបស់លោក ហ៊ុន ម៉ាណែត លោកស្រី គី កល្យាណ បានលាតត្រដាងប្រាប់ទូរទស្សន៍ Aljazeera ថា សែស្រឡាយរបស់លោក ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាលកម្ពុជាកំពុងបើកទីផ្សារងងឹតនៅបរទេស ដូចជាការលក់ឥវ៉ាន់ដែលមានតម្លៃថ្លៃៗ ការរកស៊ីផ្ទេរសាច់ប្រាក់សុទ្ធ ការលក់គ្រឿងស្រវឹង និងគ្រឿងញៀនដែលកំពុងរកស៊ីយ៉ាងគគ្រឹកគក្រេង។

ទីផ្សារងងឹតនៃរបបរបស់លោក ហ៊ុន សែន ដែលកំពុងរកស៊ីនៅក្រៅ ប្រទេសភាគច្រើនត្រូវគេដឹងថា បានយកស្ថានទូតរបស់ព្រះរាជាណាចក្រកម្ពុជាធ្វើជាទីតាំងនៃការចរាចរ និងការធ្វើជំនួញគ្រឿងស្រវឹងដែលមានតម្លៃខ្ពស់ ដោយគេចពន្ធតាមរយៈការយកឈ្មោះស្ថានទូតដើម្បីទិញឥវ៉ាន់ ឬគ្រឿងស្រវឹងដោយមិនបាច់បង់ថ្លៃពន្ធដារនៃប្រទេសនោះ៕