អាជ្ញាធរខេត្តព្រះសីហនុ ហាមមនុស្សមិនឲ្យចុះក្នុងបឹង ក្រោយអ្នកភូមិដាក់មងជាប់សត្វក្រពើជាច្រើនក្បាល អាជ្ញាធរស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហាមពលរដ្ឋនិងក្មេងតូចៗមិនឲ្យចុះលេងទឹកក្នុងអាងស្តុកទឹកបឹងជើងគោតទៅទៀត ក្រោយពីអ្នកភូមិដាក់មងជាប់សត្វក្រពើជាច្រើនក្បាល។
កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីរបស់អភិបាលស្រុកព្រៃនប់លោក សរ កក្កដាចុះផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដាថា អ្នកស្រុកបានដាក់មងជាប់សត្វក្រពើចំនួន៥ក្បាល កាលពីពេលថ្មីៗនេះ។
លោកបន្តថា សត្វក្រពើទាំងនោះមិនត្រូវបានគេប្រទះឃើញ ឬដាក់មងបានទេកាលពីពេលកន្លងមក ប៉ុន្តែក្រោយពីមានកសិដ្ឋានចិញ្ចឹមក្រពើ មួយកន្លែងនៅក្បែរអាងស្តុកទឹកនេះមក គេប្រទះឃើញសត្វក្រពើជាប់មងរបស់អ្នកនេសាទជាបន្តបន្ទាប់។
អ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមក្រពើ លោក សើន រិទ្ធី ដែលមានទីតាំងស្ថិតនៅភូមិវាលធំ ស្រុកព្រៃនប់ ក្បែរអាងស្តុកទឹកនោះ បានទទួលស្គាល់ថា សត្វក្រពើមួយចំនួនបានរួចចេញពីកសិដ្ឋានរបស់លោកកាលពីមួយសប្ដាហ៍មុន ហើយបច្ចុប្បន្នក្រុមបុគ្គលិករបស់លោកកំពុងជួសជុលរបង និងអាងក្រពើនោះឡើងវិញ។
លោកបន្តថា កសិដ្ឋាននេះចិញ្ចឹមក្រពើសរុបចំនួន ៣២០០ក្បាល ។
ក្រៅពីកសិដ្ឋានចិញ្ចឹមក្រពើក្នុងខេត្តព្រះសីហនុ គេក៏ឃើញមានកសិដ្ឋានចិញ្ចឹមក្រពើដ៏ច្រើនក្នុងខេត្តសៀមរាបដែរ ប៉ុន្តែរហូតមកទល់ពេលនេះ ពុំមានរបាយការណ៍ណាមួយបង្ហាញអំពីការរួចសត្វក្រពើពីទ្រង់ដូចករណីដែលបានកើតឡើងក្នុងខេត្តព្រះសីហនុនេះទេ៕