អ្នកជំនាញខាងការបោះឆ្នោតនិយាយថា គណបក្សនយោបាយមួយចំនួនកំពុងខ្វះក្រុមអ្នកអង្កេតការណ៍បោះឆ្នោត ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតឲ្យដឹងថា គណបក្សនយោបាយដែលចូលរួមការ បោះឆ្នោតក្នុងអាណត្តិទី៦នេះភាគច្រើនខ្វះភ្នាក់ងារសង្កេតការណ៍ជាច្រើន រហូតដល់គណបក្សខ្លះគ្មានភ្នាក់ងារសង្កេតការណ៍តែម្តង។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៧ ខែកក្កដា ឲ្យដឹងថា គ.ជ.ប.បានទទួលស្គាល់ភ្នាក់ងារគណបក្សនយោបាយចំនួនជិត៨ម៉ឺននាក់។
គ.ជ.ប.ឲ្យដឹងថា ក្នុងចំណោមគណបក្សទាំង២០ គឺមានតែគណបក្សប្រជាជន កម្ពុជាប៉ុណ្ណោះដែលមានភ្នាក់ងារសង្កេតការណ៍បោះឆ្នោតច្រើនជាងគេសរុបចំនួនជាងម៉ឺននាក់។
បន្ទាម់មកគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
ចំណែកគណបក្សផ្សេងទៀតមិនមានភ្នាក់ងារសង្កេតការណ៍បោះឆ្នោតចូលរួម នោះទេ។
មន្រ្តីជាន់ខ្ពស់របស់គ.ជ.ប.អះអាងថា បញ្ហាខ្វះភា្នក់ងារសង្កេតការណ៍បោះឆ្នោតនេះ នឹងមិនប៉ះពាល់ដល់ភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោតនោះឡើយ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ការបោះឆ្នោតនៅពេលខាងមុខ ជាការបោះឆ្នោតក្លែងក្លាយ ដោយសារការបោះឆ្នោតលើកនេះ ពុំមានគូប្រកួតប្រជែងពិតប្រាកដនោះឡើយ ហើយសាធារណៈជនអាចដឹងលទ្ធផលមុនការបោះឆ្នោតនេះទៅទៀត៕