តុលាការបង្គាប់ឲ្យឃុំខ្លួនម្ចាស់ Facebook ឈ្មោះ យមរាជលោកីយ៍ ពីបទធ្វើឲ្យខូចកិត្តិយស កម្លាំងកងរាជអាវុធហត្ថ សាលាដំបូងខេត្តកំពង់ធំកាលពីថ្ងៃទី១៧ ខែកក្កដា បានចេញដីការបង្គាប់ឲ្យឃុំខ្លួនមា្ចស់គណនីហ្វេសប៊ុកឈ្មោះ យមរាជ លោកីយ៍ ដែលមានឈ្មោះពិតហៅ សន សំនៀង ពីបទបង្ហោះព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងរាជអាវុធហត្ថ។
សាលាដំបូងខេត្តកំពង់ធំ បានចោទប្រកាន់អតីតមន្រ្តីកងកំលាំងមានសមត្ថកិច្ចរូបនេះ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្តាញសង្គម Facebook និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបានប្រព្រឹត្តនៅចំណុចស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៨។
បុរសឈ្មោះសន សំនៀងរូបនេះមានអាយុ៣៧ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើតនៅភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមហើយមានទីលំនៅបច្ចុប្បន្ន ភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
អតីតមន្ត្រីរាជអាវុធហត្ថរូបនេះបានថតវីដេអូផ្សាយផ្ទាល់ តាមបណ្តាញសង្គមហ្វេសបុក (Facebook) កាលពីពេលថ្មីៗនេះថា លោកបានធ្លាក់ខ្លួនក្រ និងទទួលភាពអយុត្តិធម៌ ហើយឈឺចាប់បំផុត ដោយសារចាប់គ្រឿងញៀនប៉ះចំខ្សែអ្នកធំ។
ក្រុមសិទ្ធិមនុស្សក្នុងស្រុកបានទាមទារឲ្យការស៊ើបអង្កេតករណី ភាពមិនប្រក្រតីមួយនេះឲ្យបានទូលំទូលាយ ខណៈមានការអះអាងរបស់លោក សន សំនៀង ពាក់ព័ន្ធនឹងការចាប់គ្រឿងញៀនចំនួនជិត២រយគីឡូក្រាមនេះ៕