ខ្មែរនៅអូស្រ្តាលីនឹងទាមទារឲ្យរដ្ឋាភិបាលអូស្រ្តាលីស៊ើបអង្កេតករណីលុយរាប់លានដុល្លាររបស់លោក គង់ វិបុល
https://youtu.be/9NAjAG4KhUI ពលរដ្ឋខ្មែរក្នុងប្រទេសអូស្រ្តាលីគ្រោងជំរុញឲ្យរដ្ឋាភិបាលអូស្រ្តាលីបើកការស៊ើបអង្កេតករណីលោកគង់ វិបុល អគ្គនាយកដ្ឋានពន្ធដារក្នុងប្រទេសកម្ពុជា ដែលទូរទស្សន៍ Aljazeera បានរកឃើញថា លោក មានលុយរាប់លានដុល្លារកំពុងរកស៊ីយ៉ាងស្ងប់ស្ងាត់ក្នុងប្រទេសអូស្រ្តាលី។
សហគមន៍ខ្មែរក្នុងទីក្រុងMelbourne អះអាងថា រដ្ឋាភិបាលអូស្រ្តាលីត្រូវតែលាតត្រដាងអំពីប្រភពលុយរបស់លោកគង់ វិបុល ដែលមានប្រាក់ខែក្នុងប្រទេសកម្ពុជាមិនដល់១ពាន់ដុល្លារផងនោះ កំពុងមានទ្រព្យសម្បត្តិមហាសាលដល់ទៅរាប់លានដុល្លារ និងបានបង្កើតក្រុមហ៊ុនមួយឈ្មោះផាណារិទ្ធិ ភីធីវ៉ាយ (Phanhariddh PTY)។
ទូរទស្សន៍ Aljazeera កាលពីថ្ងៃទី១២ ខែកក្កដា បានចុះផ្សាយថា ចាប់តាំងពីឆ្នាំ២០០៦មកលោកគង់ វិបុល បានបង្កើតក្រុមហ៊ុនចំនួនពីរក្នុងប្រទេសអូស្រ្តាលី ដែលក្រុមហ៊ុនទាំងនោះមានឈ្មោះថា Mohaleap Sambath PTY និងក្រុមហ៊ុន Sambath KL Investment PTY ជាមួយប្តីប្រពន្ធខ្មែរ-អូស្រ្តាលីមួយគូ ដែល ក្រោយមកពួកគេត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារពីបទបោកប្រាស់ និងកេងបន្លំពន្ធដាររបស់ប្រទេសនេះចំនួនជាង១លាន៨សែនដុល្លារអូស្រ្តាលី និងពីបទសង្ស័យថា បានលាងលុយ និងលាក់លុយទុច្ចរិតចំនួនជាង១៥លាន ដុល្លារអូស្រ្តាលីថែមទៀត។
ក្រុមអ្នកជំនាញខាងការឃ្លាំមើលអំពើពុករលួយនៅកម្ពុជា អះអាងថា រដ្ឋាភិបាលកម្ពុជាគួរចាត់វិធានការជាបន្ទាន់ទៅលើករណីលោកគង់ វិបុល ក្រោយពីបានដឹងអំពីតម្រុយនៃការប្រព្រឹត្តអំពើពុករលួយខ្នាតធំដែលទូរទស្សន៍បរទេសAljazeeraបានផ្សាយរួចមក ដើម្បីនាំខ្លួនជនប្រព្រឹត្តបទល្មើសយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕