41.3 C
Phnom Penh

ជំនន់ទឹកភ្លៀងបានលិចនៅតំបន់មួយចំនួនក្នុងខេត្តជាប់មាត់សមុទ្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជំនន់ទឹកភ្លៀងបានលិចនៅតំបន់មួយចំនួនក្នុងខេត្តជាប់មាត់សមុទ្រ ជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានបណ្ដាលឲ្យលិចផ្លូវ និងផ្ទះសម្បែងរបស់ពលរដ្ឋជាច្រើនកន្លែងនៅក្នុងខេត្តចំនួនបី ដូចជាខេត្តកោះកុង កំពត និងខេត្តកំពង់ស្ពឺ។

គេហទំព័រក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងកាលពីថ្ងៃទី១៨ខែកក្កដាថា ជំនន់ទឹកភ្លៀងហូរធ្លាក់យ៉ាងគំហុកពីផ្នែកខាងលើនៃតំបន់ពាមពូល និងអូរកូនទ្រុំ ហើយបណ្ដាលឱ្យមានការលិចលង់ និងហូរច្រោះ ដាច់ផ្លូវលំជនបទមួយចំនួន នៅក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ចំណែកនៅ ខេត្តកំពត ទឹកនៅព្រែកកំពង់បាយ បានហក់ឡើងវិញ បន្ទាប់ពីទទួលបានបរិមាណទឹកដ៏ច្រើនបន្ថែមពីតំបន់ ទំនប់វារីអគ្គិសនីកំចាយ ទំនប់ស្ទឹងកែវ និងតំបន់មួយចំនួនទៀត ហើយបណ្ដាលឱ្យតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ ររងនូវការលិចលង់ ដោយសារភ្លៀងនៅតែបន្តធ្លាក់ ហើយទឹកព្រែកអាចនឹងបន្ត ហូរចូលផ្ទះអ្នកភូមិនៅផ្នែកខ្លះក្នុងក្រុងកំពត។

ក្រសួងធនធានទឹកឲ្យដឹងទៀតថា ទឹកជំនន់នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅតែបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណពី៣០០-៤០០ ម៉ែត្រ ហើយការធ្វើចរាចរឆ្លងកាត់តំបន់នោះបានផ្អាកមួយរយៈ។

រីឯស្ថានភាពទឹកជំនន់នៅ ខេត្តកោះកុងវិញ ទឹកបានស្រកចុះវិញបន្តិច លើកលែងតែព្រែកស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិល ទឹកនៅតែឡើងដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស