សមាគមអាដហុកព្រួយបារម្ភពីគេហទំព័ររបស់ខ្លួន ត្រូវបានក្រុមចោរបច្ចេកវិទ្យា(Hacker)ចូលគ្រប់គ្រង គេហទំព័ររបស់សមាគមការពារសិទ្ធិមនុស្ស(Adhoc) ត្រូវបានក្រុមចោរបច្ចេកវិទ្យា ឬHackerចូលគ្រប់គ្រងនៅថ្ងៃព្រហស្បតិ៍ ទី១៩កក្កដានេះ។
សេចក្ដីថ្លែងការណ៍របស់សមាគមអាដហុក ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៩ ខែកក្កដាសំដែងការសោកស្ដាយ និងបារម្ភយ៉ាងខ្លាំង ដែលគេហទំព័ររបស់ខ្លួន www.adhoccambodia.org ត្រូវបានក្រុមចោរបច្ចេកវិទ្យាឈ្មោះ TurkSiberKarargh យកទៅគ្រប់គ្រង ដែលធ្វើឲ្យរំខាននិង រំាងស្ទះដល់ដំណើរការផ្សព្វផ្សាយព័ត៌មាននៅលើគេហទំព័ររបស់ខ្លួន។
សេចក្តីថ្លែងការណ៍ដដែលបន្តថា សមាគមអាដហុកប្រកាសមិនទទួលខុសត្រូវលើអត្ថបទឬខ្លឹមសារទាំងឡាយណា ដែលមិនឆ្លុះបញ្ចាំងពីទស្សនៈ និងសកម្មភាពរបស់សមាគមចាប់ពីថ្ងៃទី១៩ ខែកក្កដានេះតទៅ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា សមាគមអាដហុកកំពុងជួសជុលឡើងវិញ ហើយនឹងប្រកាសជាសាធារណៈ នៅពេលដំណើរការជាធម្មតាឡើងវិញ។
ក្រុមហ៊ុនឯកជនមួយនៅសហរដ្ឋអាមេរិកដែលនាំមុខគេក្នុងការងារតាមដានសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតឈ្មោះ ហ្វាយអឺរអាយ(FireEye)រកឃើញកាលពីពេលថ្មីៗនេះថា ក្រុមចោរបច្ចេកវិទ្យា ធេម ភើរីស្កូប(TEMP.Periscope)អាចមានទំនាក់ទំនងនឹងរដ្ឋាភិបាលចិន ហើយបានប្រើបច្ចេកវិទ្យាលុកលុយស្ថាប័នជាច្រើនរបស់ កម្ពុជាដែលធ្វើការងារ ពាក់ព័ន្ធដំណើរការបោះឆ្នោត។
ក្រុមចោរបច្ចេកវិទ្យានេះមានគោលដៅវាយប្រហារទៅលើស្ថាប័នរដ្ឋាភិបាល មន្ត្រីគណបក្សសង្គ្រោះជាតិ មន្ត្រីការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានដើម្បីស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលចិន៕