គ.ជ.ប. អះអាងថា ការបោះឆ្នោតនៅពេលខាងមុខនឹងគ្មានការពន្យារពេលនោះទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថា ការបោះឆ្នោតនៅកម្ពុជានឹងមិនអាចពន្យារពេលបោះឆ្នោតបានទេ បើទោះបីជាកម្ពុជា កំពុងជួបគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តក៏ដោយ។
ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងថា ឥទ្ធិពលព្យុះ បានបង្កឲ្យកើតមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៣កក្កដាខាងមុខនេះ។
អ្នកនាំពាក្យគ.ជ.ប.លោកហង្ស ពុទ្ធា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គ.ជ.ប.ធ្លាប់ជួបឧបសគ្គករណីគ្រោះធម្មជាតិដូច្នេះដែរ ប៉ុន្តែមិនដែលមានការពន្យារពេលការបោះឆ្នោតនោះឡើយ។
ការបោះឆ្នោតដែលនៅសល់តែពេលជាង១អាទិត្យទៀតនេះ កំពុងរងការគំរាមកំហែងដោយជំនន់ទឹកភ្លៀងទៅដល់ការិយាល័យបោះឆ្នោតជាច្រើនកន្លែងក្នុងតំបន់សំខាន់ៗក្នុងខេត្តទាំង ៥ ដូចជាខេត្ត កំពតបាត់ដំបង កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ។
ក្រុមអ្នកឃ្លាំមើលនិយាយថា គ.ជ.ប. គួរតែធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់អំពីស្ថានភាពទឹកជំនន់បើវាកើតមានខ្លាំងដែលអាចរំខានដល់ដំណើររៀបចំការបោះឆ្នោតច្រើនទីតាំងហើយនោះគ.ជ.ប. គួរតែពិចារណាធ្វើការពន្យារពេលការបោះឆ្នោត៕