វីដេអូ

នគរបាលខេត្តបន្ទាយមានជ័យកំពុងហ្វឹកហ្វឺនដើម្បីរង់ចាំបង្ក្រាប ការបះបោរនៅថ្ងៃបោះឆ្នោត

By ឌឹ ខេមបូឌា ដេលី

July 21, 2018

នគរបាលខេត្តបន្ទាយមានជ័យកំពុងហ្វឹកហ្វឺនដើម្បីរង់ចាំបង្ក្រាប ការបះបោរនៅថ្ងៃបោះឆ្នោត សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានប្រមូលកម្លាំងនគរបាលរាប់រយនាក់ មកពីតាមឃុំសង្កាត់ និងនគរបាលការពារព្រំដែនប្រចាំខេត្តនេះ ហ្វឹកហ្វឺនការប្រយុទ្ធសម្រាប់បង្ក្រាបអ្នកដែលហ៊ានបង្កការអុកឡុកដល់ការបោះឆ្នោតខាងមុខ។

ក្រុមអាជ្ញាធរខេត្តឲ្យដឹងថា កងកម្លាំងនគរបាលទាំងនោះ នឹងត្រៀមដាក់ពង្រាយនៅតាមគល់ស្ពាននានា ដើម្បីការពារឧបទ្ទេវហេតុបំផ្ទុះគ្រាប់បែកផ្ដាច់ស្ពានណាមួយកើតឡើង។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មានជនខិតខូចបានត្រៀមផ្ដាច់ស្ពាន នៅក្នុងខេត្តប៉ៃលិន ហើយខេត្តបន្ទាយមានជ័យ ក៏ជាចំណុចគោលដៅសំខាន់សម្រាប់ជនខិលខូចធ្វើការវាយប្រហារនៅពេលបោះឆ្នោតខាងមុខនេះដែរ។

ក្រុមអ្នកឃ្លាំមើលនិយាយថា គ្មានពលរដ្ឋណាម្នាក់ហ៊ានចេញមុខបង្កចលាចលក្នុងពេលបោះឆ្នោតនោះទេ ដោយសារពួកគេកំពុងខ្វល់ខ្វាយ អំពីការរកប្រាក់ចំណូលចិញ្ចឹមគ្រួសាររបស់ពួកគេ ខណៈស្រូវស្រែរបស់ពួកគេកំពុងហិនហោចដោយសារទឹកជំនន់នោះ។

ក្រុមសង្គមស៊ីវិលនិយាយថា ក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចបានបើកការហ្វឹកហាត់មន្ត្រីកងកំលាំងប្រដាប់អាវុធរាប់រយនាក់នៅខេត្តស្វាយរៀង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យដើម្បីបង្ហាញសាច់ដុំ និងការបំភិតបំភ័យដល់ប្រជាពរដ្ឋ៕