តុលាការកំពូលបដិសេធបណ្តឹងសុំនៅក្រៅឃុំជាលើកទីពីររបស់អតីតអ្នករាយការណ៍វិទ្យុអាស៊ីសេរី តុលាការកំពូលកាលពីថ្ងៃច័ន្ទទី២៣ ខែកក្កដា បានសម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំ ជាលើកទីពីររបស់អតីតបុគ្គលិកអាស៊ីសេរី ក្រោយពេលសវនាការជំនុំជម្រះកាលពីម្សិលមិញ។
មេធាវីការពារក្តីឱ្យអតីតបុគ្គលិកអាស៊ីសេរី លោក កែវ វ៉ាន្នី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយសវនាការថា តុលាការកំពូលបានសម្រេចបន្តឃុំខ្លួនកូនក្តីរបស់លោក បន្តទៀតដោយតម្កល់សាលក្រម របស់តុលាការក្រុងភ្នំពេញទុកជាបានការដដែល។
លោកបន្តថា តុលាការកំពូលមិនគួរសម្រេចបន្តឃុំខ្លួនកូនក្តីរបស់លោកទាំងពីរនាក់នេះតទៅទៀតឡើយ ដោយសារតុលាការ រកមិនឃើញភស្តុតាងណាមួយដែលបង្ហាញថា ពួកគេមានពិរុទ្ធភាពនោះឡើយ។
អតីតបុគ្គលិកអាស៊ីសេរី គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ។
ក្រុមសិទ្ធិមនុស្សអះអាងថា សវនាការជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំជាលើកទីពីររបស់តុលាការកំពូលនេះ ហាក់ធ្វើឡើងក្រោមហេតុផលនយោបាយ និងមានការរៀបចំជាប្រព័ន្ធតាំងពីដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ រហូតដល់តុលាការគ្រប់ជាន់ថ្នាក់។
កន្លងមករបបលោក ហ៊ុន សែន តែងធ្វើទុក្ខបុកម្នេញវិទ្យុអាស៊ីសេរី ដោយសារតែវិទ្យុមួយនេះតែងធ្វើការផ្សព្វផ្សាយព័ត៌មានអំពីភាពអយុត្តិធម៌សង្គម ការរំលោភសិទ្ធិមនុស្ស អំពើនិទណ្ឌភាព និងអំពើពុករលួយ ហើយដែលធ្វើឲ្យប៉ះពាល់ដល់ការដឹកនាំរបស់លោកហ៊ុន សែន៕