ក្រុមអ្នកច្បាប់អាមេរិកព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា បើស្ថានការណ៍នយោបាយគ្មានការប្រែប្រួល តំណាងរាស្រ្តសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ លោក Alan Lowenthal ព្រមានថា សហរដ្ឋអាមេរិកកំពុងសហការជាមួយសហគមន៍អឺរ៉ុប ដើម្បីរៀបចំការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជា ប្រសិនលោក ហ៊ុន សែន នៅតែរឹងទទឹងមិនព្រមស្តារលទិ្ធប្រជាធិបតេយ្យនៅកម្ពុជាឲ្យមានភាពប្រក្រតីវិញនោះ។
វិទ្យុអាស៊ីសេរីបានដកស្រង់សម្តីរបស់តំណាងរាស្រ្តអាមេរិកាំងរូបនេះ ចុះផ្សាយកាលពីថ្ងៃសុក្រថា ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរជាដុំកំភួនក្នុងការអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតទេ នោះសហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់ការបោះឆ្នោតនោះទេ ដោយសារការបោះឆ្នោតនេះធ្វើឡើង ដោយមិនសេរីមិនត្រឹមត្រូវ និងមិនយុត្តិធម៌នោះឡើយ។
តំណាងរាស្រ្តអាមេរិកាំងរូបនេះអះអាងថា អាមេរិកមិនអាចអនុញ្ញាត ឲ្យកម្ពុជាដើរចេញពីគន្លងប្រជាធិបតេយ្យនោះទេ ហើយថា អាមេរិកក៏មិនអនុញ្ញាតឲ្យលោក ហ៊ុន សែន បំផ្លាញកិច្ចប្រឹងប្រែងរបស់អាមេរិកដែលខិតខំនាំយកលទ្ធិប្រជាធិបតេយ្យមកឲ្យកម្ពុជានោះដែរ។
លោកAlan Lowenthal អះអាងថា នៅពេលដែលសេចក្តីព្រាងច្បាប់លេខ HR. 5754 ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឆ្នាំ២០១៨ ចូលជាធរមានហើយ ពេលនោះអាមេរិកនឹងបង្កើនការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់របបលោក ហ៊ុន សែន ដែលបានសម្លាប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេស។
លោកបន្តថា ទណ្ឌកម្មទាំងនោះរួមមានការការផ្តាច់ទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា ការបង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ពស់ដែលល្បីខាងប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស និងក្រុមឧកញ៉ាកំពូលៗដែលកំពុង មានឥទ្ធិពលទៅលើរបបក្រុងភ្នំពេញថែមទៀត៕