គ.ជ.ប.បញ្ជាក់អំពីការទប់ស្កាត់ទឹកជំនន់នៅថ្ងៃបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញអំពីផែនការក្នុងការទប់ស្កាត់ស្ថានភាពទឹកជំនន់ នៅថ្ងៃបោះឆ្នោត ដែលរហូតមកទល់ពេលនេះ គ.ជ.ប. មិនទាន់មានគំរោងជម្លៀសការិយាល័យ បោះឆ្នោតនៅឡើយទេ។
អ្នកនាំពាក្យគ.ជ.ប.លោក ហង្ស ពុទ្ធា អះអាងថា រហូតមកទល់ ពេលនេះ ការិយាល័យបោះឆ្នោតចំនួនជាង២ម៉ឺនកន្លែងនៅទូទាំងប្រទេស នៅមិនទាន់មានស្ថានភាពគំរាមកំហែង ពីជំនន់ទឹកភ្លៀងនៅឡើយទេ។
លោកបន្តថា គ.ជ.ប.នឹងជ្រើសរើសទីតាំងការិយាល័យណាខ្ពស់ ដែលទឹកមិនលិចបាន ហើយប្រសិនបើមានករណីទឹកលិច គ.ជ.ប. មានផែនការរើការិយាល័យបោះឆ្នោតទៅទីតាំងថ្មី។
របាយការណ៍គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កាលពីថ្ងៃទី១៩ កក្កដា បង្ហាញថា ជំនន់ទឹកភ្លៀងនឹងបង្កឱ្យខេត្តចំនួន៧ រងគ្រោះ រួមមាន ខេត្តកំពង់ស្ពឺ កោះកុង ប៉ៃលិន បាត់ដំបង កំពត កែប និង ខេត្ដព្រះសីហនុ។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាអះអាងថា ប្រសិនបើស្ថានភាពទឹកជំនន់មិនអាចបង្អាក់ដល់ការទៅបោះឆ្នោតរបស់ពលរដ្ឋក៏ដោយ ក៏មនុស្សជាច្រើនហាក់មានភាពធុញទ្រាន់ និងមានភាពមិនសប្បាយក្នុងការចេញទៅបោះឆ្នោតដែលធ្វើឡើងខុសពីឆន្ទៈរបស់ពួកគេ ហើយមនុស្សជាច្រើនបានចាត់ទុកការបោះឆ្នោតនេះថា គ្រាន់តែជាការបោះឆ្នោតបែបបង្គ្រប់កិច្ចប៉ុណ្ណោះ៕