សហគមន៍ខ្មែរក្នុងសហរដ្ឋគ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតចិន និងមុខសេតវិមានប្រធានាធិបតីអាមេរិក សហគមន៍ខ្មែរក្នុងសហរដ្ឋអាមេរិកនឹងនាំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិនប្រចាំរដ្ឋាធានីវ៉ាស៊ីតោន នៅថ្ងៃសុក្រទី២៧ ខែកក្កដា ដើម្បីប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលកុម្មុយនីសចិនដែលបានគាំទ្ររបបលោក ហ៊ុន សែន ឲ្យមានការបោះឆ្នោតបែបក្លែងក្លាយ និងការបោះឆ្នោតដ៏អាមាស់ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។
បាតុកម្មនេះនឹងធ្វើឡើងចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១២ ថ្ងៃត្រង់ ដើម្បីទាមទារឲ្យរដ្ឋាភិបាលចិនកុំបង្កើតរបបវាលពិឃាតទី២នៅកម្ពុជា ទាមទារឲ្យមានការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងកុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតបែបអាមាស់ ព្រមទាំងកុំទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតបែបបង្គ្រប់កិច្ចនេះឲ្យសោះ។
ពលរដ្ឋខ្មែរជាច្រើនទៀត ក៏នឹងនាំគ្នាធ្វើឡើងបាតុកម្មនៅមុខសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិករយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែកក្កដា ដើម្បីទាមទារឲ្យអាមេរិកកុំទទួលលទ្ធផលពីការបោះឆ្នោតបែបក្លែងក្លាយ។
បាតុកម្មរបស់ពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកធ្វើឡើងព្រមគ្នាជាមួយពលរដ្ឋខ្មែរក្នុងប្រទេសបារាំង អូស្រ្តាលី និងប្រទេសជប៉ុន ហើយស្របពេលដែលប្រទេសកម្ពុជាធ្វើការបោះឆ្នោតដោយអាមាស់នេះផងដែរ៕