សង្គមស៊ីវិលអន្តរជាតិបារម្ភអំពីការបង្ក្រាបថ្មីលើសិទ្ធិរបស់ពលរដ្ឋមិន ចេញទៅបោះឆ្នោត អង្គការលើកលែងទោសអន្តរជាតិកាលពីទី២៥ខែកក្កដា បានសរសេរលិខិតចំហមួយទៅកាន់របបក្រុងភ្នំពេញ សម្តែងក្តីបារម្ភអំពីការបង្ក្រាបសេរីភាពនៃការបញ្ចេញមតិ ការជួបប្រជុំ និងការប្រើប្រាស់សិទ្ធិមិនចេញទៅបោះឆ្នោត ឬការធ្វើពហិការការបោះឆ្នោត។
អង្គការអន្តរជាតិមួយនេះអះអាងថា ច្បាប់បោះឆ្នោតនៅកម្ពុជាមិនបានចែងអំពីការដាក់ទោសទណ្ឌលើពលរដ្ឋណាដែលមិនចេញទៅបោះឆ្នោតនោះទេ។
អង្គការនេះចាត់ទុកថា ការបង្ក្រាបលើសិទ្ធិធ្វើពហិការការបោះឆ្នោតនេះនឹងរិតតែបង្កើននូវភាពអយុត្តិធម៌ក្នុងសង្គមថែមទៀត។
ជាងនេះទៅទៀត អង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវឲ្យគ្រប់គណបក្សនយោបាយទាំងអស់ជំរុញឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីការធ្វើបាតុកម្មដោយអហិង្សា អនុម័តក្រមប្រតិបត្តិនៃការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ឬមន្ត្រីអនុវត្តច្បាប់នៅកម្ពុជាឲ្យស្របតាមស្តង់ដាររបស់អង្គការសហប្រជាជាតិ។
អង្គការនេះក៏បានទាមទារឲ្យរបបលោក ហ៊ុន សែន បញ្ឈប់រាល់ការបង្ក្រាបមកលើសកម្មជនអង្គការមិនមែនរដ្ឋាភិបាល និងលុបចោលច្បាប់ស្តីពីសមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីឲ្យស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។
អង្គការនេះក៏បានជំរុញឲ្យរបបក្រុងភ្នំពេញលុបចោលច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីសហជីព ដើម្បីឲ្យស្របតាមស្តង់ដារច្បាប់ពលកម្មអន្តរជាតិ ហើយគោរពនូវសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ និងសេរីភាពលើបណ្តាញសង្គម ព្រមទាំងបញ្ឈប់ជាបន្ទាន់នូវ អំពើឃុំឃាំងតាមទំនើងចិត្តជាដើម៕