សមត្ថកិច្ចគ្រោងដាក់ពង្រាយកម្លាំងនគរបាលជាតិជាងបួនពាន់នាក់ ដើម្បីការពារសន្តិសុខការបោះឆ្នោត សាលាក្រុងភ្នំពេញកាលពីថ្ងៃទី២៥ ខែកក្កដា ប្រកាសថា អាជ្ញាធរនឹងដាក់ពង្រាយកងកម្លាំងនគរបាលជាតិជាង៤ពាន់នាក់ដើម្បីការពារ សុវត្ថិភាពដល់ពលរដ្ឋ និងក្រុមអ្នកនយោបាយដែលកំពុងឈរឈ្មោះ ជាបេក្ខជនតំណាងរាស្រ្តក្នុងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។
រហូតមកទល់ពេលនេះ អាជ្ញាធរក្រុងភ្នំពេញបានប្រើប្រាស់កម្លាំងជាង១ពាន់នាក់ ហើយដើម្បីការពារយុទ្ធនាការឃោសនាបោះឆ្នោត ហើយចំណែក កម្លាំងជាងបួនពាន់នាក់ផ្សេងទៀតនឹងត្រូវប្រើប្រាស់ដើម្បីដាក់ពង្រាយនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតជាង២ពាន់កន្លែង។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ចុះផ្សាយថា ការប្រមូលផ្តុំកម្លាំងត្រៀមធ្វើអន្តរាគមន៍នេះ គឺ សម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅមុនពេលបោះឆ្នោត នៅអំឡុងពេលបោះឆ្នោត និងនៅក្រោយការប្រកាសលទ្ធផលការបោះឆ្នោត។
ក្រុមអ្នកឃ្លាំមើលនិយាយថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំនេះនឹងមិនសូវមានអ្នកទៅបោះឆ្នោតនោះទេ ដោយសារពលរដ្ឋខ្លះបានសម្តែងការភ័យខ្លាចចំពោះវត្តមានកងកម្លាំងប្រដាប់អាវុធផង និងមិនពេញចិត្តដំណើរការបោះឆ្នោតដែលគ្មានគណបក្សដែលពួកគេពេញចិត្តនោះផង ៕