គណៈកម្មការបោះឆ្នោតខេត្តបាត់ដំបង ពិន័យសមាជិកគណបក្សសង្គ្រោះជាតិជាច្រើនលានរៀល គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ខែកក្កដា បានពិន័យមន្រ្តីគណបក្សសង្គ្រោះជាតិប្រចាំខេត្តនេះ ចំនួន៥រូប ក្នុងម្នាក់ៗ១០លានរៀលពីបទញុះញង់ កុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត។
តំណាងសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សសង្គ្រោះជាតិលោក សួន ចំរើនបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមរបស់លោកមិនអាចទទួលយកបានឡើយចំពោះការដាក់ពិន័យនេះ ហើយថា ក្រុមរបស់លោកនឹងប្តឹងទាស់ករណីនេះទៅគ.ជ.ប.វិញ។
សេចក្ដីប្រកាសរបស់ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងឲ្យដឹងថា ការដាក់ពិន័យលើសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សសង្គ្រោះជាតិធ្វើឡើងទៅតាមបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតចាត់ទុកការធ្វើយុទ្ធនាការម្រាមដៃស្អាតគឺសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានព្រមានចាត់វិធានការអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាត ដោយគ្មានការលើកលែងនោះឡើយ៕