ក្រុមសិទ្ធិមនុស្សអន្តរជាតិ៖ ការរារាំងមិនឲ្យគណបក្សប្រឆាំងចូលរួមការបោះឆ្នោតនាំឲ្យការបោះឆ្នោតនោះគ្មានន័យ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch កាលពីថ្ងៃទី២៥ ខែកក្កដា បានបន្តរំលឹកថាអវត្តមានរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការប្រកួតប្រជែងការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះគឺជាការបោះឆ្នោតដែលគ្មានន័យអ្វីទាំងអស់។
ការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក កាណាដា បារាំង ជប៉ុន និងសហគមន៍អឺរ៉ុប បានបដិសេធមិនបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោតរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា។
នៅក្នុងសេចក្តីថ្លែការណ៍របស់ខ្លួន អង្គការHuman Rights Watch លើកឡើងថា ព្រឹត្តិការណ៍អាក្រក់ដែលកើតឡើងក្នុងប្រទេស កម្ពុជាក្នុងរយៈពេលមុនការបោះឆ្នោតអាណត្តិទី៦នេះរួមមានការរំលាយគណបក្សសង្គ្រោះជាតិ ការគំរាមកំហែង ការឃុំខ្លួនអ្នកទោសនយោបាយ ការបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការបង្កើតច្បាប់ដើម្បីរឹតត្បិតទៅលើសេរីភាពនៃការបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងសេរីភាពការប្រមូលផ្តុំជាដើម។
លោកBrad Adams នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការHuman Rights Watch បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នេះថា រដ្ឋាភិបាល បរទេសទាំងឡាយដែលព្រួយបារម្ភអំពីអនាគតរបស់កម្ពុជា គួរតែនាំគ្នាថ្កោលទោសការបោះឆ្នោតនេះថាជាការប្លន់អំណាចពីប្រជាពលរដ្ឋខ្មែរយ៉ាងព្រៃផ្សៃ៕