តំណាងរាស្រ្តអាមេរិកព្រមានថា លោកហ៊ុន សែនត្រូវដោះស្រាយវិបត្តិនយោបាយ បើមិនចង់រងទណ្ឌកម្មសេដ្ឋកិច្ច តំណាងរាស្រ្តអាមេរិកាំងពីខាងគណបក្សប្រជាធិបតេយ្យ និងជាជើង ឯកឲ្យមានការអនុម័តសេចក្តីព្រាងច្បាប់លេខ H.R. 5754 គឺលោកAlan Lowenthalព្រមានថា មន្រ្តីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន ជាច្រើនរូបទៀតនឹងទទួលរងទណ្ឌកម្មបន្ថែមពីសហរដ្ឋអាមេរិក។
វិទ្យុសម្លេងសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៦ខែកក្កដា បានសម្ភាសន៍ជាមួយលោក Alan Lowenthalចុះផ្សាយថា ប្រសិនបើលោក ហ៊ុន សែនមិនប្រញាប់ប្រញាល់ដោះស្រាយវិបត្តិនយោបាយ និងស្តារលទិ្ធប្រជាធិបតេយ្យរបស់ប្រទេសឡើងវិញទេ នោះសហរដ្ឋអាមេរិកនឹង បញ្ចប់ការធ្វើពាណិជ្ជកម្មជាមួយកម្ពុជាតែម្តង។
លោកបន្តថា សហរដ្ឋ អាមេរិកក៏នឹងកៀងគរសហគមន៍អឺរ៉ុបឲ្យធ្វើដូច្នេះដែរ។
ការព្រមានចុងក្រោយរបស់តំណាងរាស្រ្តអាមេរិកាំងដ៏មានឥទ្ធិពលរូប នេះធ្វើឡើងក្រោយពីរដ្ឋសភាអាមេរិកបានបើកកិច្ចប្រជុំពេញអង្គអនុម័តសេចក្តីស្នើច្បាប់លេខH.R. 5754 ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨ ដើម្បីដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិថ្នាក់ដឹកនាំ និងអ្នករកស៊ីកំពូលៗនៅកម្ពុជា។
ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក លោកEd Royceសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកកាលពីថ្ងៃទី២៥ ខែកក្កដា ដោយបានបង្ហាញបញ្ជីឈ្មោះក្រុមអ្នកកាន់អំណាចនៅកម្ពុជាដែលត្រូវដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមិនអោយចូលសហរដ្ឋអាមេរិក ដោយបានផ្ញើនេះទៅកាន់លោកប្រធានាធិបតី Donald Trump។
អ្នកមានឈ្មោះក្នុងបញ្ជីនោះរួមមានលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត អ្នកស្រី ហ៊ុន ម៉ាណា លោក ស ខេង លោក ជួន សុវណ្ណ លោក ស៊ុន ចាន់ថុល លោក សុខ ពុទ្ធិវុធ លោក ឱម យិនទៀង លោក ប្រាក់ សុខុន លោក សៅ សុខា លោក ប៉ុល សារឿន និងមនុស្សជាច្រើនទៀត៕