ព្រឹទ្ធសភានឹងអនុម័តសេចក្តីព្រាងច្បាប់ដើម្បីដាក់ទណ្ឌកម្មរបប លោក ហ៊ុន សែន នៅក្រោយការបោះឆ្នោតនៅកម្ពុជា ជើងឯកនៃការបង្កើតសេចក្តីព្រាងច្បាប់លេខ H.R. 5754 ដើម្បីដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន គឺលោកតំណាងរាស្រ្ត Alan Lowenthal អះអាងថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់មួយនេះ នៅប្រហែល ពីរសប្តាហ៍ខាងមុខនេះ។
វិទ្យុអាស៊ីសេរីបានដកស្រង់សម្តីរបស់លោកAlan Lowenthal ចុះផ្សាយកាលពីថ្ងៃទី២៧ ខែកក្កដាថា ប្រសិនបើរបបលោកហ៊ុន សែន មិនប្រញាប់ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញឲ្យបានទាន់ពេលវេលាទេ នោះសហរដ្ឋអាមេរិកនឹងប្រើវិធានក្តៅបន្តបន្ទាប់ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជាតាមរយៈការកាត់ផ្តាច់ ការធ្វើជំនួញជាមួយកម្ពុជាតែម្តង។
រហូតមកទល់ពេលនេះ អាមេរិកបានអនុញ្ញាតឲ្យទំនិញរបស់កម្ពុជារហូតដល់ទៅជាង៦០% ដែលភាគច្រើនជាផលិតផលកាត់ដេរ និងស្បែកជើងចូលមកលក់ក្នុងទីផ្សារសហរដ្ឋអាមេរិក ដែលនាំឲ្យកម្ពុជា អាចរកប្រាក់ចំណូលរាប់រយលានដុល្លារក្នុង១ឆ្នាំៗ។
រដ្ឋសភាអាមេរិកាំងកាលពីថ្ងៃទី២៥ ខែកក្កដា បានអនុម័តសេចក្តីព្រាងច្បាប់លេខ H.R.5754 ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨ ដើម្បីដាក់ទណ្ឌកម្មបង្កក ទ្រព្យសម្បត្តិ និងបិទ ទិដ្ឋាការក្រុមមេដឹកនាំនៃរបបក្រុងភ្នំពេញ។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋ អាមេរិកលោកEd Royceបានស្នើឲ្យប្រធានាធិបតីអាមេរិក ដាក់ទណ្ឌកម្មលោកហ៊ុន សែន លោកស ខេង លោកហ៊ុន ម៉ាណែត អ្នកស្រី ហ៊ុន ម៉ាណា លោកសុខ ពុទ្ធិវុធ លោក ប្រាក់ សុខុន លោកឱម យិនទៀង និងមនុស្សជំនិតៗរបស់លោក ហ៊ុន សែន ជាច្រើននាក់ទៀត៕