វីដេអូ

កម្ពុជាចាត់ទុកសេចក្តីព្រាងច្បាប់អាមេរិកបង្កភាពល្អក់កករទំនាក់ទំនងប្រទេសទាំងពីរ

By ឌឹ ខេមបូឌា ដេលី

July 28, 2018

កម្ពុជាចាត់ទុកសេចក្តីព្រាងច្បាប់អាមេរិកដាក់ទណ្ឌកម្មលើរបបលោកហ៊ុន សែនជាការបង្កភាពល្អក់កករនៃទំនាក់ទំនងប្រទេសទាំងពីរ រដ្ឋសភាជាតិកម្ពុជា បានសម្តែងការខកចិត្តជាខ្លាំងចំពោះការអនុម័ត សេចក្តីព្រាងច្បាប់លេខH.R. 5754 ដោយសភាពេញអង្គរបស់អាមេរិកដើម្បីដាក់ទណ្ឌកម្មលើក្រុមមេដឹកនៃរបបក្រុងភ្នំពេញ។

រដ្ឋសភាកម្ពុជាចាត់ទុកថា វិធានការរបស់អាមេរិកនៅពេលនេះ គឺជាការប្រកាសភាពជាសត្រូវ ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

ជាងនេះទៅទៀតរដ្ឋសភាកម្ពុជាក៏បានចាត់ទុកវិធានការចុងក្រោយនេះ ថា ជាការសមគំនិតរបស់ស.រ.អា.ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីរៀបចំទុកជាមុន ក្នុងការវាយប្រហារជាប្រព័ន្ធប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។

ចំណែកស្ថាប័នព្រឹទ្ធសភារបស់កម្ពុជាវិញ ក៏បានចេញសេចក្តីថ្លែងការណ៍តបតមកលើសហរដ្ឋអាមេរិកវិញថា សេចក្តីព្រាងច្បាប់របស់អាមេរិកដែលទើបត្រូវបានអនុម័តនេះ បានរំលោភយ៉ាងកម្រោលមកលើរដ្ឋអធិបតេយ្យ ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ហើយថា ការអនុម័តច្បាប់នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីនយោបាយខ្មៅកខ្វក់របស់ក្រុមតំណាងរាស្ត្រអាមេរិក។

ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា សេចក្តីព្រាងច្បាប់របស់អាមេរិកនេះ គឺជាការជួយដល់កម្ពុជាទៅវិញក្នុងការលុបបំបាត់អំពើពុករលួយ អំពើរំលោភសិទ្ធិមនុស្ស និងអំពើនិទណ្ឌភាព ដែលប្រព្រឹត្តឡើងដោយក្រុមមន្រ្តី គ្រួសារ និងសាច់សារលោហិតរបស់ លោក ហ៊ុន សែន នោះ៕