30 C
Phnom Penh

សេតវិមានប្រតិកម្មនឹងលទ្ធផលបោះឆ្នោតដោយព្រមានអំពីទណ្ឌកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេតវិមានប្រតិកម្មនឹងលទ្ធផលបោះឆ្នោតដោយព្រមានអំពីទណ្ឌកម្ម ភ្លាមៗក្រោយពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនអះអាងថា គណបក្សកាន់អំណាចចាស់វស្សានេះនឹងទទួលបានអាសនៈសភាទាំង១២៥ ដោយយោងតាមលទ្ធផលដំបូងៗនិងយោងតាមរូបមន្តបែងចែកអាសនៈដែលអំណោយផលដល់គណបក្សធំៗនោះ អ្នកនាំពាក្យសេតវិមានបានចេញសេក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃអាទិត្យថា ការបោះឆ្នោតនៅកម្ពុជា នេះមិនមានភាពសេរី ឬយុត្តិធម៌ ហើយមិនតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរនោះទេ ។

ការបោះឆ្នោតមិនត្រឹមត្រូវ ដែលរារាំងមិនឲ្យគណបក្សប្រឆាំងដ៏ចម្បងនៅប្រទេសកម្ពុជាចូលរួមនោះ បង្ហាញថា ប្រព័ន្ធប្រជាធិបតេយ្យដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជានោះកំពុងធ្វើដំណើរថយក្រោយផ្ទុយពីឆន្ទៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។

សេចក្ដីប្រកាសនោះបន្ថែមថា សហរដ្ឋអាមេរិកនឹងពិចារណាចាត់វិធានការ ដើម្បីឆ្លើយតបទៅនឹងការបោះឆ្នោតនេះ ក្នុងនោះមានទាំងការពង្រីកបន្ថែមវិធានការរឹតត្បិតទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលលោកហ៊ុនសែន ដែលត្រូវបានប្រកាសកាលពីថ្ងៃទី ៦ ខែធ្នូឆ្នាំ២០១៧។

នៅថ្ងៃច័ន្ទនេះ សហភាពអឺរ៉ុប និងបណ្ដាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនទៀត ដូចជាប្រទេសកាណាដានិងអូស្ត្រាលីជាដើម បានច្រានចោលលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ ដូចសហរដ្ឋអាមេរិកដែរ។

នៅថ្ងៃចន្ទនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យសហគមន៍អន្តរជាតិបដិសេធលទ្ធផលការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានជ័យជម្នះដូចរំពឹងទុក។

អនុប្រធានគណបក្សសង្គ្រោះជាតិ គឺលោកស្រី មួរ សុខហួរ បាននិយាយថា ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ នេះគឺជាថ្ងៃមរណៈនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺជាថ្ងៃដ៏ខ្មៅងងឹតសម្រាប់ប្រវត្តិសាស្ត្ររបស់កម្ពុជា។

លោកស្រីបានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យត្រូវបានជំនួសដោយរបបផ្ដាច់ការទាំងស្រុង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស