27 C
Phnom Penh

លោកសម រង្ស៊ីថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នេះជារឿងអាម៉ាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកសម រង្ស៊ីថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នេះជារឿងអាម៉ាស លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិនិងជាអតីតប្រធានគណបក្សប្រឆាំងនេះ បានហៅការបោះឆ្នោតកាលពីថ្ងៃអាទិត្យថា ជាការបោកប្រាស់ និងជារឿងគួរឲ្យអាម៉ាស ហើយថា វាបង្ហាញលទ្ធផលមិនគួរឱ្យភ្ញាក់ផ្អើល ដូចលោកហ៊ុន សែនចង់បាន។

លោកសម រង្ស៊ីអះអាងថា តួលេខអ្នកចេញទៅបោះឆ្នោតជាង៨២ភាគរយដែលគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនោះគឺជាភស្តុតាងដែលបង្ហាញថា ការបោះឆ្នោតនេះមិនឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋ តាមបែបប្រជាធិបតេយ្យនោះទេ។

លោកសម រង្ស៊ីពន្យល់ថា សូម្បីការបោះឆ្នោតឆ្នាំ២០១៣ដែលមិនមានយុទ្ធនាការម្រាមដៃស្អាតនោះមានអ្នកទៅបោះឆ្នោតមិនដល់៧០ភាគរយទេ។

លោកលើកជាសំណួរថា ឥឡូវអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រហែលពាក់កណ្តាលនគរពិហិការការបោះឆ្នោតនេះ ហេតុអ្វីក៏តួលេខនេះកើនឡើង។

លោកលើកហេតុផលមួយទៀតដែលជាទឡ្ហីករណ៍បង្ហាញថា ការបោះឆ្នោតនេះមិនអាចទទួលយកបាននោះ គឺសន្លឹកឆ្នោតមិនបានការមានចំនួនច្រើនលើសលុបគឺច្រើនជាងសំឡេងឆ្នោតរបស់គណបក្សតូចៗ ដែលមិនមែនជាគូប្រជែងរបស់លោកហ៊ុន សែន។

លោកបន្ថែមថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទូទាំងប្រទេសបានរាយការណ៍មកថា ការិយាល័យបោះឆ្នោតជាច្រើនទំនេរ គឺមានអ្នកទៅបោះឆ្នោតតិចតួចប៉ុណ្ណោះ។

វីដេអូបង្ហាញថា សូម្បីនៅមណ្ឌលដែលលោកហ៊ុន សែនទៅបោះឆ្នោតនោះ អ្នកចុះឈ្មោះបោះឆ្នោតបានអង្គុយចាំអ្នកបោះឆ្នោតឡើងស្ងាប ហើយមានអ្នកយកព័ត៌មាននិងអ្នកសង្កេតការណ៍ជាច្រើនឈរចាំថតអ្នកមកបោះឆ្នោត។

ស្របពេលដែលស.រ.អា. សហភាពអឺរ៉ុប អូស្ត្រាលី កាណាដានិងប្រទេសផ្សេងទៀតបានច្រានចោលលទ្ធផលនៃការបោះឆ្នោតនេះ លោក សម រង្ស៊ី បង្ហាញសុទិដ្ឋិនិយម ថា លោកអាចនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញឆាប់ ៗ ហើយលោក ហ៊ុន សែន នឹងត្រូវគាបសង្កត់ឱ្យដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោះលែងអ្នកទោសនយោបាយផ្សេងទៀតនិងដោះលែងសកម្មជនសិទ្ធិមនុស្ស ព្រមទាំងដោះលែងជនរងគ្រោះនៃការរឹបអូសដីធ្លីផ្ទះសម្បែងផងដែរ។

នៅមុនការបោះឆ្នោតនេះ អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យបានធ្វើការតវ៉ានៅស.រ.អា.និងនៅប្រទេសជាច្រើនកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស