អាល្លឺម៉ង់ទាមទារឲ្យកម្ពុជាត្រឡប់មកគោរពគោលការណ៍ប្រជាធិប តេយ្យ រដ្ឋាភិបាលអាល្លឺម៉ង់ទាមទារឲ្យកម្ពុជា ឲ្យត្រឡប់មកគោរពគោលការណ៍ប្រជាធិបតេយ្យឡើងវិញ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយអាល្លឺម៉ង់ មានឆន្ទៈក្នុងការគាំទ្រកម្ពុជាឲ្យដើរស្របតាមគោលការណ៍នេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាល្លឺម៉ង់ដែលចេញផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា បានកត់សម្គាល់ថា ការបោះឆ្នោត នៅកម្ពុជានេះបានធ្វើឡើងដោយសន្តិវិធីមែន ប៉ុន្តែមិនមែនមានន័យថា វាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាការបោះឆ្នោតស្របច្បាប់នោះឡើយ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា នៅមុនការបោះឆ្នោត របបលោកហ៊ុន សែនបានចាប់ខ្លួនលោកកឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិរំលាយគណបក្សប្រឆាំងកាលពីខែវិច្ឆិកា និងហាមមិនឲ្យមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះចំនួន១១៨រូបធ្វើសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំ។
ចំណែកសហគមន៍អឺរ៉ុបវិញក៏បានបញ្ជាក់ជំហរថា លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជានេះមិនអាចទទួលយកបានឡើយ ព្រោះការបោះឆ្នោតនេះខ្វះការប្រកួតប្រជែងពិតប្រាកដ ហើយមិនបានឆ្លុះបញ្ចាំងឆន្ទៈរាស្ត្រពិតប្រាកដទេ។
ជាងនេះទៅទៀត សហរដ្ឋអាមេរិកក៏បានបង្ហាញពីការខកចិត្តខ្លាំងចំពោះការបោះឆ្នោតនៅកម្ពុជា ហើយថា សេតវិមាននឹងបោះជំហានបន្តបន្ទាប់ទៀតដើម្បីបិទទិដ្ឋាការមិនឲ្យមន្រ្តីជាន់ខ្ពស់របស់កម្ពុជាចូលស.រ.អា.៕