លោកហ៊ុន សែនកោតសរសើរការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ កន្លងទៅ លោកហ៊ុន សែន នៅថ្ងៃទី៣១ខែកក្កដា នេះបានកោតសរសើរដល់ដំណើរការបោះឆ្នោតដែលលោកចាត់ទុកថា បានរៀបចំធ្វើឡើងដោយសន្តិវិធី និងដោយរលូន។
លោកហ៊ុន សែនបានសរសេរនៅលើទំព័រFacebook ថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយសារពលរដ្ឋជាង៨២%នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបជាង៨លាននាក់បានចេញទៅបោះឆ្នោត ស្របតាមឆន្ទៈគ្មានការគាបសង្កត់ គ្មានការបង្ខិតបង្ខំ និងគ្មានអំពើហិង្សាអ្វីនោះឡើយ។
នៅក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ គណបក្សប្រជាជនកម្ពុជាប្រកាសថា ខ្លួននឹងទទួលបានអាសនៈទាំង១២៥នៅក្នុងស្ថាប័នរដ្ឋសភា ខណៈគណបក្សតូចតាចចំនួន១៩ផ្សេងទៀតពុំមានលទ្ធភាពទទួលបានអាសនៈណាមួយនោះឡើយ។
គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនទទួលបានសំឡេងគាំទ្រប្រមាណជាង៤លានសំឡេងដែលកើនឡើងជាង១លានសំឡេង បើធៀបនឹងឆ្នាំ២០១៧កន្លងទៅ។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតអះអាងថា អវត្តមានគណបក្សសង្គ្រោះជាតិគឺជាហេតុផលធំមួយដែលគណបក្សកាន់អំណាច ទទួលជ័យជំនះដូច្នេះ ប៉ុន្តែរដ្ឋាភិបាលថ្មីដែលកើត ឡើងក្រោយការបោះឆ្នោតគឺជារដ្ឋាភិបាលដែលពុំមានការទទួលស្គាល់ពីចំពោះមុខសហគមន៍អន្តរជាតិ ហើយរដ្ឋាភិបាលនេះ នឹងរងទណ្ឌកម្មជាបន្តបន្ទាប់ធ្ងន់ធ្ងរ៕