តុលាការកំពូលនឹងបើកដំណើរការជំនុំជម្រះករណីលោក កឹម សុខា តុលាការកំពូលនៃរបបលោកហ៊ុន សែននឹងបើកសវនាការជំនុំជម្រះក្តី ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ដែលត្រូវបានរបបលោកហ៊ុន សែនរំលាយចោលនៅថ្ងៃទី២២ខែសីហា ពាក់ព័ន្ធនឹងបទសន្ធិដ្ឋិភាពជាមួយបរទេស។
អគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូល លោកឈួន ចាន់បានដាក់លិខិតអញ្ជើញមេធាវីរបស់ លោក កឹម សុខា គឺលោក ផាន់ ច័ន្ទស័ក្តិឲ្យចូលសវនាការវេលាម៉ោង៨ព្រឹក។
លោកកឹម សុខាត្រូវបានតុលាការរបបលោកហ៊ុន សែន ឃុំខ្លួនរយៈពេលជិត១ឆ្នាំទៅហើយដោយមិនបានបើកសវនាការនោះទេ។
ក្រុមមេធាវីរបស់លោកកឹម សុខាបានស្នើឲ្យតុលាការដោះលែងលោក ដោយសារតែតុលាការគ្មានភស្តុតាងដាក់បន្ទុកកូនក្តីរបស់លោក ហើយម្យ៉ាងទៀត លោកកឹម សុខាក៏កំពុងមានជំងឺត្បៀតសរសៃឆ្មា ធ្ងន់ធ្ងរក្នុងពន្ធនាគារ ដែលត្រូវការព្យាបាលនៅមន្ទីរពេទ្យបរទេស។
ក្រុមសិទ្ធិមនុស្សបានហៅការឃុំខ្លួនលោកកឹម សុខា ថា ជារឿងអយុត្តិធម៌ និងជាការប្រឌិតដោយសារតែរដ្ឋាភិបាលលោកហ៊ុន សែនខ្លាចចាញ់ការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅនេះ ។
ពួកគេនិយាយថា ការឃុំខ្លួនលោកកឹម សុខា ដោយសារតែគណបក្សសង្គ្រោះជាតិ កន្លងមកបានទទួលសម្លេងគាំទ្រភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតឃុំ សង្កាត់ កាលពីខែមថុនា ឆ្នាំ២០១៧កន្លងទៅ៕