26 C
Phnom Penh

សមត្ថកិច្ចរបស់លោកហ៊ុន សែន បញ្ឈប់ការស៊ើបអង្កេតបញ្ហាពន្ធដារ លើប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចរបស់លោកហ៊ុន សែន បញ្ឈប់ការស៊ើបអង្កេតបញ្ហាពន្ធដារ លើប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក អង្គភាពប្រឆាំងអំពើពុករលួយនៃរបបលោកហ៊ុន សែនប្រកាសទម្លាក់ចោលការស៊ើបអង្កេតករណីចោទប្រកាន់ថា ប្រធានសមាគមអាដហុក លោក ធន សារ៉ាយ និងភរិយា បានលួចបន្លំពន្ធថ្លៃផ្ទះ។

ទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយដែលចុះផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា សមត្ថកិច្ចមិនបានចាត់ទុកករណីរបស់លោកធន់ សារ៉ាយថាជាអំពើពុករលួយនោះទេ ដោយសារ លោកធន់ សារ៉ាយ មិនបានសូកប៉ាន់ជនណា ហើយមន្ត្រីពន្ធដារមិនបានទារសំណូក ឬទារប្រាក់អ្វីបន្ថែមនោះឡើយ។

ស្ថាប័នប្រឆាំងអំពើពុករលួយរបស់លោកហ៊ុន សែនបញ្ជាក់ថា ប្រសិនបើលោកធន់ សារ៉ាយ និងភរិយាមិនបានបង់ពន្ធមែន វាជាបទល្មើសស្ថិតក្នុងសមត្ថកិច្ចអគ្គនាយកដ្ឋានពន្ធដារ ដែលមិនមែនស្ថិតនៅ ក្នុងសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយនោះឡើយ។

អង្គភាពនេះអះអាងថា លោកធន សារ៉ាយ ពិតជាបានជួលផ្ទះរបស់ខ្លួនឲ្យទៅសមាគមអាដហុក (Adhoc) មែនហើយបានបង់ពន្ធគ្រប់ចំនួន ដោយផ្អែកតាមប្រព័ន្ធកុំព្យូទ័រ កាលពីថ្ងៃ ទី១ ខែ មករា ឆ្នាំ ២០១៦។

លោកស៊ឹង សែនករុណា ដែលជាអ្នកនាំពាក្យរបស់អាដហុក បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធថា លោកមានការសោកស្តាយ ចំពោះអគ្គនាយកដ្ឋានពន្ធដារ ដែលមិនបានជជែកដោះស្រាយផ្ទាល់ជាមួយសមាគមអាដហុក ប៉ុន្តែបែរជាប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយឲ្យចាត់ការទៅលើករណីបញ្ហាជួលផ្ទះ ដែលវាមិនមែនជាករណីពុករលួយនោះ។

ក្រុមអ្នកឃ្លាំមើលនិយាយថា អង្គភាពប្រឆាំងអំពើពុករលួយអាចរកវិធីបិទសមាគមការពារសិទ្ធិមនុស្សអាដហុក ដូចគ្នានឹងការបិទកាសែត The Cambodia Daily វិទ្យុអាស៊ីសេរី និងស្ថាប័នព័ត៌មានជាច្រើនទៀតដោយសារតែបញ្ហាពន្ធដារនេះដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស