លោកហុង លីមតំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរប្រកាសអំពីការចូលនិវត្តន៍ ប៉ុន្តែនៅតែតស៊ូដើម្បីសេរីភាពនៅកម្ពុជា តំណាងរាស្រ្តអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា លោក ហុង លីម កាលពីថ្ងៃទី៣ ខែកក្កដា បានប្រកាសចូលនិវត្តន៍ ក្រោយពេលលោកបានបំពេញតួនាទីជាតំណាងរាស្រ្តអស់រយៈពេល ២២ឆ្នាំ។
នៅក្នុងពិធីជប់លៀងចូលនិវត្តន៍របស់លោក កាលពីយប់ថ្ងៃទី៣ ខែសីហា លោកហុង លីមបញ្ជាក់ថា ថវិកាដែលបានរៃអង្គាសពីពិធីនេះមួយផ្នែកធំនឹងយកទៅជួយដល់អ្នកតស៊ូមតិនៅកម្ពុជា។
ពិធីជប់លៀងអបអរសាទរការចូលនិវត្តន៍របស់លោកមានឈ្មោះថា គ្មានថ្ងៃលាគ្នាទេ។
ពិធីនេះមានអ្នកចូលរួមជាង៤០០នាក់។
លោកហុង លីមបានឡើងថ្លែងនៅក្នុងពិធីនោះថា ដោយសារពលរដ្ឋខ្មែរដែលជាអ្នកតស៊ូមតិកំពុងជួបការលំបាក ហើយអ្នកខ្លះត្រូវរត់ចោលស្រុក អ្នកខ្លះកំពុងជាប់ពន្ធនាគារ ដូច្នេះលោកនឹងយកថវិកាមួយភាគធំដែលប្រមូលបានពីពិធីនេះដើម្បីផ្តល់ជូនដល់អ្នកតស៊ូមតិទាំងអស់នេះ។
លោកហុង លីមបញ្ជាក់ថា អ្នកដែលត្រូវស្នងតំណែងបន្តពីលោក គឺលោកតាក់ មេងហៀង ដែលជាកូនខ្មែរមួយរូបមានការយល់ដឹងខ្ពង់ខ្ពស់ និងមានភក្តីភាពចំពោះពលរដ្ឋខ្មែរក្នុងប្រទេសកម្ពុជា។
លោក តាក់ មេងហៀងមានជំនាញជាមេធាវីផង និងជាសកម្មជនសហគមន៍ខ្មែរដ៏សកម្មម្នាក់ផង៕