ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិក្នុងប្រទេសជប៉ុនជំរុញឲ្យរដ្ឋាភិបាលជប៉ុនកុំទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ពលរដ្ឋខ្មែរក្នុងប្រទេសជប៉ុនបាននាំគ្នាប្រកាសប្រឆាំងដាច់ខាត មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតកាលពីទី២៩ ខែកក្កដា នោះទេ។
កាលពីថ្ងៃទី៣ ខែសីហា សកម្មជនគណបក្សសង្គ្រោះជាតិដ៏សកម្មមួយរូប ក្នុងប្រទេសជប៉ុនលោកហៃ វណ្ណា និងតំណាងរាស្រ្តគណបក្សប្រឆាំងគឺលោកញ៉យ ចំរើនបានយកញត្តិស្នាមមេដៃ និងឈ្មោះរបស់ពលរដ្ឋខ្មែរជាង៥រយនាក់ដាក់ជូនរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Taro Kono។
ខ្លឹមសារនៅក្នុងញត្តិនោះសរសេរថា ពលរដ្ឋខ្មែរមិនទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយ ដែលកើតចេញពីការបោះឆ្នោតគ្មានប្រជាធិបតេយ្យនៃរបបលោក ហ៊ុន សែនឡើយ។
ជាងនេះទៅទៀត ពួកគេអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងរដ្ឋាភិបាលជប៉ុនធ្វើយ៉ាងណាជួយពលរដ្ឋខ្មែរដើម្បីឲ្យប្រជាធិបតេយ្យវិលត្រឡប់មកកម្ពុជាវិញ។
លោកហៃ វណ្ណាបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា ប្រទេសជប៉ុនសន្យាថា នឹងជួបជជែកជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាអំពីបញ្ហាបោះឆ្នោតនោះ។
លោកបន្តថា ពលរដ្ឋខ្មែរក៏បានសម្តែងអំណរគុណចំពោះប្រទេសជប៉ុនដែលសំរេចមិនបញ្ជូនភ្នាក់ងារសង្កេតការណ៍បោះឆ្នោតរបស់ខ្លួន ទៅឃ្លាំមើលការបោះឆ្នោតក្លែងក្លាយនៅកម្ពុជាកន្លងមក៕