27 C
Phnom Penh

ក្រុមអង្គការអន្តរជាតិទាមទារឲ្យផ្អាកការសង់ទំនប់តាមដងទន្លេ ក្រោយពីមានការបាក់ទំនប់នៅប្រទេសឡាវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអង្គការអន្តរជាតិទាមទារឲ្យផ្អាកការសង់ទំនប់តាមដងទន្លេ ក្រោយពីមានការបាក់ទំនប់នៅប្រទេសឡាវ អង្គការSave the Mekong ដែលជាសម្ព័ន្ធនៃអង្គការសង្គមស៊ីវិលអន្តរជាតិអះអាងថា ការបាក់ទំនប់វារីអគ្គិសនី Xe Pien-Xe Namnoy ក្នុងប្រទេសឡាវកន្លងទៅនេះ ពុំមែនជាគ្រោះមហន្តរាយបង្កឡើងដោយគ្រោះធម្មជាតិនោះទេ ប៉ុន្តែវាជាកំហុសរបស់មនុស្ស។

អង្គការនេះ សម្តែងការព្រួយបារម្ភជាខ្លាំងចំពោះគម្រោងវិនិយោគថាមពលអគ្គិសនីខ្នាតធំតាមដងទន្លេមេគង្គ និងដៃទន្លេមេគង្គ។

ក្រុមនេះបានទាមទារឲ្យមានការបញ្ឈប់ផែនការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ ដើម្បីបញ្ជៀសគ្រោះមហន្តរាយធំៗនៅថ្ងៃ អនាគត។

ក្រុមអ្នកជំនាញខាងបរិស្ថាននិយាយថា ការបាក់ទំនប់នៅក្នុងប្រទេសឡាវ ជាការព្រមានដល់គម្រោងអភិវឌ្ឍន៍ផ្សេងទៀតតាមដងទន្លេមេគង្គ និងដៃទន្លេមេគង្គក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា។

ជាងនេះទៅទៀតពួកគេ ទាមទារឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពិចារណានិងសិក្សាឡើងវិញហើយពិគ្រោះយល់ជាមួយសហគមន៍មូលដ្ឋានក្នុងការសាងសង់ទំនប់វារីអគ្គិសនីនោះ។

អង្គការ Save the Mekong អះអាងថា អ្នកអភិវឌ្ឍន៍គម្រោង និងអ្នកផ្ដល់ហិរញ្ញវត្ថុ ត្រូវទទួលខុសត្រូវទាំងស្រុងពីផលប៉ះពាល់ដោយការបាក់ទំនប់ធ្វើឲ្យពលរដ្ឋឡាវ និងកម្ពុជារងគ្រោះ។

អង្គការនេះក៏បានទាមទារឲ្យរដ្ឋាភិបាលតាមដងទន្លេមេគង្គត្រូវផ្អាកគម្រោងទំនប់វារីអគ្គិសនីទាំងអស់ ហើយរង់ចាំឲ្យមានការវាយតម្លៃដោយឯករាជ្យ និងគ្រប់ជ្រុងជ្រោយអំពីផលប៉ះពាល់ជាមុនសិន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស