យ៉ាងហោចណាស់មានមនុស្សប្រហែលប្រាំនាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់នៅកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជា កាលពីថ្ងែទី៦ ខែសីហា អះអាងថា យ៉ាងហោចណាស់មានមនុស្សចំនួនប្រាំនាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្ត ចំនួនបួន។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់សារព័ត៌មានក្នុងស្រុកថា ចំនួនមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមបាន កើនឡើងដល់ប្រាំនាក់ហើយ។
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជារូបនេះ បញ្ជាក់ថា ទឹកទន្លេមេគង្គនៅផ្នែកខាងលើក្នុងខេត្តទាំង ៤នេះបានស្រកចុះជាបន្តបន្ទាប់ហើយ ប៉ុន្តែទឹកទន្លេមេគង្គផ្នែកខាងក្រោម ដូចជានៅខេត្តកណ្តាល និងខេត្តព្រៃវែងកំពុងកើនឡើងដែលបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់ប្រជាពលរដ្ឋ។
លោក កែវ វី បន្តថា រហូតមកទល់ពេលនេះទឹកជំនន់ បានប៉ះទង្គិច ដល់ពលរដ្ឋសរុបជាង៣ម៉ឺន៦ពាន់គ្រួសារក្នុងនោះមានពលរដ្ឋជិត៥ពាន់គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕