34 C
Phnom Penh

គណបក្សតូចៗមួយចំនួនព្រមានធ្វើបាតុកម្មប្រឆាំងលទ្ធផលនៃការបោះឆ្នោតដ៏អាម៉ាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សតូចៗមួយចំនួនព្រមានធ្វើបាតុកម្មប្រឆាំងលទ្ធផលនៃការបោះឆ្នោតដ៏អាម៉ាស់ គណបក្សតូចៗចំនួន២គឺគណបក្សរស្មីខេមរា និង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចស្ថិតក្នុងចំណោមគណបក្សចំនួន១៩ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត ដែលអន្តរជាតិចាត់ទុកថា ជាការ បោះឆ្នោតក្លែងក្លាយនោះ បានប្រកាសធ្វើបាតុកម្ម មិនទទួលស្គាល់លទ្ធផលឆ្នោត។

ប្រធានគណបក្សរស្មីខេមរា លោកស៊ិន សុភាព បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៦ ខែសីហា ថា លោកនឹងកោះប្រជុំគណៈអចិន្ត្រៃយ៍ក្នុងគណបក្សដើម្បីរៀបចំគំរោងធ្វើបាតុកម្មប្រឆាំងនឹង លទ្ធផលការបោះឆ្នោត។

លោកបន្តថា គណបក្សរបស់លោក មិននឹកស្មានថា ការបោះឆ្នោតនេះមានភាពមិនប្រក្រតីធ្ងន់ធ្ងរដូច្នេះនោះទេ។

លោកអះអាងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) មាន ភាពលំអៀងខ្លាំងទៅរកគណបក្សកាន់អំណាច ហើយបានគាបសង្កត់សកម្មជនគណបក្ស របស់លោកនិងបានចែកលុយឲ្យអ្នកបោះឆ្នោតថែមទៀត។

លោកស៊ិន សុភាពបន្តថា លោកបានផ្ញើលិខិតទៅស្ថានទូតចំនួន៨ ប្រកាសថា គណបក្សរបស់លោកមិនអាចទទួលស្គាល់ជាដាច់ខាតនូវលទ្ធផលបោះឆ្នោតដែលរៀបចំដោយ គ.ជ.ប.ដែលបានដំណើរការរៀបចំការបោះឆ្នោត មិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌ នោះឡើយ។

ចំណែកគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច កាលពីថ្ងៃទី៤ ខែសីហា បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយធ្វើសន្និសីទកាសែតរួច ថា ទិន្នន័យដែលប្រកាសដោយគ.ជ.ប.អំពីចំនួនអ្នកទៅបោះឆ្នោត និងចំនួនអ្នកបោះឆ្នោតឲ្យគណបក្សកាន់អំណាច គឺមិនត្រឹមត្រូវនោះទេ ហើយគ.ជ.ប.ត្រូវតែដោះស្រាយភាពមិនប្រក្រតីនេះឲ្យបាន។

ក្រុមមេដឹកនាំនៃគណបក្សមួយនេះស្នើឲ្យមានការបោះឆ្នោតឡើងវិញ ដែលមានការចូលរួមសង្កេតការណ៍ពីសហគមន៍អន្ដរជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស