សមត្ថកិច្ចបានរឹបអូសទំនិញខូចគុណភាពជិត១រយតោន គណៈកម្មាធិការប្រឆាំងផលិតផលខូចគុណភាពរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែសីហា បានឲ្យដឹងថា ផលិតផលខូចគុណភាពប្រមាណ ៩០តោនត្រូវបានរឹបអូស និងឃាត់ខ្លួនមនុស្សចំនួន ៩នាក់ដើម្បីបញ្ជូនទៅតុលាការថែមទៀត។
ប្រធានគណៈកម្មាធិការ ប្រឆាំងផលិតផលខូចគុណភាពនៃក្រសួងមហាផ្ទៃ លោកមាជ សុផាន់ណា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្ស៩នាក់ដែលមានជាប់ ពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយនេះត្រូវបានផ្តន្ទាទោស ហើយមនុស្សមួយចំនួនទៀតត្រូវបានព្រមាន។
លោកអំពាវនាវអោយពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះផលិតផលក្លែងក្លាយទាំងនេះ។
លោកបន្តថា បើទោះបីជា កន្លងមកសមត្ថកិច្ចបានបង្រ្កាបជាច្រើនករណីយ៉ាងណាក្តី តែសកម្មភាពខុសច្បាប់នៃផលិតផលក្លែងក្លាយនៅតែបន្ត ហើយសមត្ថកិច្ចពាក់ព័ន្ធ នៅតែប្រឹងប្រែងក្នុងការបង្ក្រាបផលិតផលក្លែងក្លាយបន្ថែមទៀត។
ផលិតផលក្លែងក្លាយដែលសមត្ថកិច្ចរឹបអូសបានកន្លងមកនេះ រួមមាន កាហ្វេ សាច់ ម្រេច និងផលិតផលដែលមានម៉ាកល្បីៗមួយចំនួនផងដែរ ដូចជាទឹកបរិសុទ្ធម៉ាក អេវីយ៉ង់ (Evian) និងស្រាបៀ ម៉ាក កូរ៉ូណា (Corona) ជាដើម៕