កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យបង្ក្រាបការជួញដូរសត្វព្រៃចំនួន ២២៤ក្បាល កងកម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យបានបង្ក្រាបរថយន្តដឹកជញ្ជូនសត្វព្រៃខុសច្បាប់ ពីប្រទេសថៃចូលមក កម្ពុជា និងឃាត់ខ្លួនមនុស្សពីរនាក់ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
ហ្វេសប៊ុករបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៧ ខែសីហា បានចុះផ្សាយថា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសហការជាមួយសមត្ថកិច្ចស្រុកព្រះនេត្រព្រះ បង្ក្រាបរថយន្តដឹកសត្វព្រៃចំនួន ២២៤ក្បាល ដែលមានទម្ងន់សរុបជាង បួនរយគីឡូក្រាម កាលពីថ្ងៃទី៥ខែសីហា។
មន្ត្រីកងរាជអាវុធហត្ថ លោក ម៉ែន ភិរម្យ បញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ឈ្មោះយ៉ាន់ យ៉េន និងបៀន ផារៈ បានបើករថយន្តម៉ាកHighlander ដឹកសត្វព្រៃចេញពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ខេត្តសៀមរាប។
លោកបន្តថា ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនត្រង់ចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខណៈជនសង្ស័យទាំងពីរបានបើករថយន្តទម្លាក់ស្រះ និងព្យាយាមរត់គេចខ្លួន។
សមត្ថកិច្ចប្រមូលបានវត្ថុតាងរួមមានរថយន្ត សត្វព្រៃ និងស្លាកលេខក្លែងក្លាយចំនួន៨សន្លឹក។
សមត្ថកិច្ចបានចោទប្រកាន់អ្នកទាំងពីរពីបទដឹកជញ្ជូនសត្វព្រៃខុសច្បាប់ និងបានកសាងសំណុំរឿងដើម្បីបញ្ជូនជនទាំងពីរនាក់នេះទៅតុលាការ៕