29.3 C
Phnom Penh

គ.ជ.ប.ព្រមានថា លោកសម រង្ស៊ីគ្មានសិទ្ធិទាមទារឲ្យមានការរាប់ សន្លឹកឆ្នោតឡើងវិញឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប.ព្រមានថា លោកសម រង្ស៊ីគ្មានសិទ្ធិទាមទារឲ្យមានការរាប់ សន្លឹកឆ្នោតឡើងវិញឡើយ សា្ថប័នរៀបចំការបោះឆ្នោតបានព្រមានថា លោកសម រង្ស៊ី គ្មានសិទ្ធិទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញទេ ហើយថា ការទាមទាររបស់លោកសមរង្ស៊ីកន្លងមកគឺផ្ទុយទាំងស្រុងទៅនឹងច្បាប់របស់កម្ពុជា។

លោកសោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី៧ ខែសីហាថា លោក សម រង្ស៊ីពុំមែនជាបេក្ខជន ដែលស្ថិតនៅក្នុងបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដូច្នេះលោក សមរង្ស៊ីគ្មានសិទ្ធិទាមទារឲ្យគ.ជ.ប.រាប់សន្លឹកឆ្នោតឡើងវិញនោះឡើយ។

មន្ត្រីគ.ជ.ប.រូបនេះអះអាងថា ការរាប់សន្លឹកឆ្នោតឡើងវិញ អាចធ្វើបាននៅពេលដែលមានគណបក្សនយោបាយប្តឹងអំពីភាពមិនប្រក្រតីធ្ងន់ធ្ងរដែលនាំឲ្យប៉ះពាល់លទ្ធផលនៃការបោះឆ្នោត យ៉ាងហោចណាស់ក្រោយការបោះឆ្នោតរយៈពេល១ថ្ងៃ មានន័យថា ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ គណបក្សនយោបាយត្រូវដាក់ ពាក្យបណ្តឹងនេះទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ហើយគណៈកម្មការនេះនឹងធ្វើសេចក្តីសម្រេចមួយ។

កាលពីថ្ងៃទី៦ ខែសីហា លោកសម រង្ស៊ី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា អ្នកចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះមានចំនួនតិចជាង៥០%ទៅទៀត ហើយថា ពលរដ្ឋដែលចេញទៅបោះឆ្នោតនៅពេលនោះគឺដោយសារខ្លាចការគំរាមកំហែងពីរបបលោកហ៊ុន សែន។

ជាងនេះទៅទៀត លោក សម រង្ស៊ី អះអាងថា គ.ជ.ប.គួរធ្វើការរាប់សន្លឹកឆ្នោតឡើងវិញ ខណៈសន្លឹកឆ្នោតជាច្រើនមានភាពមិនប្រក្រតី។

រហូមមកទល់ពេលនេះ សហគមន៍អន្តរជាតិដូចជាសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប អូស្រ្តាលី ជប៉ុន និងបារាំងជាដើមបានសំដែងការខក ចិត្តចំពោះការបោះឆ្នោតនៅកម្ពុជាដែលពួកគេចាត់ទុកថាជាការបោះឆ្នោតក្លែងក្លាយ ជាការបោះឆ្នោតដ៏អាម៉ាស់ និងជាការបោះឆ្នោត បង្គ្រប់កិច្ច។

ក្រុមប្រទេសលោកសេរីទាំងនេះបានជំរុញឲ្យរបបលោកហ៊ុន សែនស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ហើយដោះលែងរាល់ អ្នកទោសនយោបាយទាំងអស់ដើម្បីបញ្ចៀសពីការប្រើប្រាស់ទណ្ឌកម្មផ្សេងៗមកលើប្រទេសកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស