32 C
Phnom Penh

គ.ជ.ប.នឹងបើកសវនាការលើបណ្តឹងទាស់របស់សកម្មជនគណបក្សសង្គ្រោះជាតិប្រាំរូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប.នឹងបើកសវនាការលើបណ្តឹងទាស់របស់សកម្មជនគណបក្សសង្គ្រោះជាតិប្រាំរូប គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បើកសវនាការនៅព្រឹកថ្ងៃទី៨ ខែសីហា នេះ ជំនុំជម្រះបណ្ដឹងរបស់អតីតសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិចំនួន៥រូប ដែលប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង ដែលបានផាកពិន័យពួកគេក្នុងម្នាក់ចំនួន ១០លានរៀល បន្ទាប់ពីមានការបង្ហោះសារនៅលើហ្វេសប៊ុកអំពាវនាវកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត។

សកម្មជនគណបក្សសង្គ្រោះជាតិចំនួនប្រាំនាក់នោះរួមមាន លោកពៅ តាំង លោកជា ជីវ លោក ថោង សារឿន លោក ម៉ាង ឈុន និងលោក គ្រុយ គឹមសាំង។

គណៈកម្មការខេត្តរៀបចំការបោះឆ្នោត(គ.ខ.ប.)ខេត្តបាត់ដំបងបានសម្រេចផាកពិន័យអ្នកទាំងប្រាំកាលពីថ្ងៃទី២៦ កក្កដា ពីបទធ្វើឲ្យភាន់ច្រឡំ ដែលនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត យោងតាមមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តាមបណ្ដឹងរបស់គណបក្សកាន់អំណាច។

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតឲ្យដឹងថា ស្ថាប័នរៀបចំការបោះឆ្នោត គឺជាសេនាធិការរកសម្លេងឆ្នោតឲ្យគណបក្សកាន់អំណាច និងជាស្ថាប័នមួយដែលពោរពេញទៅដោយក្រុមមន្រ្តីគណបក្សកាន់អំណាចកំពុងក្តោបក្តាប់កិច្ចការនៅទីនោះ។

បញ្ហានេះហើយដែលនាំឲ្យពលរដ្ឋ និងសហគមន៍អន្តរជាតិរិះគន់ថា ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាជាប្រព័ន្ធផ្តាច់ការមួយដែលអ្វីៗស្ថិតក្រោមការបញ្ជារបស់លោក ហ៊ុន សែន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស