អង្គការមូលនិធិកេរដំណែលអន្តរជាតិជំរុញឲ្យអាមេរិកបង្កើនប្រសិទ្ធិភាពក្នុងការដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា អ្នកជំនាញខាងផ្នែកកិច្ចការគោលនយោបាយអន្តរជាតិរបស់សហរដ្ឋអាមេរិកជំរុញឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុនបង្កើតក្រុមទំនាក់ទំនងពិសេសមួយ ដែលមានការចូលរួមពីប្រទេសបារាំង ឥណ្ឌូនេស៊ី អង់គ្លេស ជប៉ុន និងបណ្តាប្រទេសមួយចំនួនទៀត ដើម្បីកោះប្រជុំជាបន្ទាន់មួយក្នុងការស្វែងរកយុទ្ធសាស្រ្តស្តារកម្ពុជាមករកការគោរពលទ្ធិប្រជាធិបតេយ្យឡើងវិញ។
វិទ្យុអាស៊ីសេរីបានដកស្រង់សម្តី លោកស្រីOlivia Enos ចុះផ្សាយកាលពីថ្ងៃទី៨ ខែសីហាថា ប្រសិនបើរបបលោកហ៊ុន សែនដែលមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឲ្យបានទាន់ពេលវេលាទេនោះ សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកសេរីផ្សេងទៀតគួរប្រើវិធានការក្តៅដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ហើយ កាត់ផ្តាច់រាល់ជំនួយទាំងអស់ដល់កម្ពុជាតែម្តង។
លោកស្រីបន្តថា ដើម្បីឲ្យពលរដ្ឋខ្មែរមានជំនឿលើសហរដ្ឋអាមេរិកតទៅទៀត លុះត្រាតែសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបិទទិដ្ឋាការដល់ មន្រ្តីជាន់ខ្ពស់នៃរបបលោកហ៊ុន សែន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អ្នកវិភាគខាងផ្នែកគោលនយោបាយរូបនេះបញ្ជាក់ថា ការបោះឆ្នោត ដ៏អាម៉ាស់នៅកម្ពុជា កន្លងមកនេះនឹងប៉ះទង្គិច ធ្ងន់ធ្ងរដល់ទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិក ក្នុងរយៈពេលដ៏យូរ។
លោកស្រី អះអាងថា រាល់ជំនួយរបស់អាមេរិក និងកិច្ចសហប្រតិបត្តិការលើវិស័យយោធជាមួយកម្ពុជា គួរមានការសើរើឡើងវិញ ដោយសាររបបលោកហ៊ុន សែនមិនបានថែរក្សាសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ជូនពលរដ្ឋរបស់ខ្លួននោះឡើយ៕