មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអំពាវនាវឲ្យរបបលោក ហ៊ុន សែន ធានាថាស្រ្តីអាចទទួលបានការជំនំជម្រះដោយយុត្តិធម៌ ព្រឹត្តិបត្រព័ត៌មានប្រចាំខែសីហារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាស្ដីពីសិទ្ធិទទួលបានការជំនំជម្រះដោយយុត្តិធម៌សម្រាប់ស្រ្តីបានចេញផ្សាយកាលពីថ្ងៃទី៩ ខែសីហាថាស្រ្តីខ្មែរភាគច្រើនកំពុងប្រឈមនឹងការរើសអើងក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសភាពស្មើគ្នាចំពោះមុខច្បាប់ ការឃុំខ្លួនបណ្ដោះអាសន្ន និងអំពើហិង្សាផ្នែកយេនឌ័រ។
ក្រុមសិទ្ធិមនុស្សមួយនេះ អះអាងថា បញ្ហាខ្វះមេធាវី បានប៉ះពាល់ដល់សិទ្ធិស្រ្តីមកពីតាមតំបន់ដាច់ស្រយាល ហើយដែលធ្វើឲ្យពួកគេបាត់បង់សិទ្ធិមានវត្តមានចំពោះមុខតុលាការ ការ សិទ្ធិសន្មត់ថា គ្មានទោស និងសិទ្ធិនៅស្ងៀមជាដើម។
ក្រុមសិទ្ធិមនុស្សក្នុងស្រុកនេះស្នើឲ្យភាគីពាក់ព័ន្ធត្រូវធានាថា ស្រ្តីទទួលបានភាពស្មើគ្នាផ្នែកយុត្តិធម៌ និងការទទួលបានជំនួយពីមេធាវីប្រកបដោយប្រសិទ្ធភាព ហើយក្រសួងមហាផ្ទៃគួរយកគំរូល្អពីសាលាក្ដីខ្មែរក្រហមដើម្បីការពារសាក្សី និងជនរងគ្រោះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានទាមទារឲ្យមានការហ្វឹកហ្វឺនជំនាញបន្ថែមដល់សមត្ថភាពនៃមន្រ្តីតុលាការកម្ពុជាឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីប្រសិទ្ធិភាព និងការគាំពារផ្នែកសមភាពយេនឌ័រ៕