ព្រះសង្ឃខ្មែរនៅជុំវិញពិភពប្រកាសទាត់ចោលការបោះឆ្នោតនៅកម្ពុជា និងទាមទារឲ្យបោះឆ្នោតឡើងវិញ បណ្តាញព្រះសង្ឃខ្មែរនៅជុំវិញពិភពលោក កាលពីថ្ងៃទី១១ ខែសីហា នេះបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរបបលោក ហ៊ុន សែន ដែលបានដឹកនាំការបោះឆ្នោតកែ្លងក្លាយ។
ក្រុមព្រះសង្ឃខ្មែរនៅសហរដ្ឋអាមេរិក បារាំង អូស្រ្តាលី និងនៅសហគមន៍អឺរ៉ុបបាននាំគ្នាទាត់ចោលរាល់ទម្រង់ នៃដំណើរការបោះឆ្នោតនៅកម្ពុជា ការប្រកាសលទ្ធផលបោះឆ្នោត និងការង្កើតរដ្ឋាភិបាលថ្មី។
ក្រុមព្រះសង្ឃទាំងនេះក៏បានអំពាវនាវឲ្យសហគមន៍អន្តជាតិជំរុញឲ្យមានការរៀបចំបោះឆ្នោតឡើងវិញ។
ក្រុមព្រះសង្ឃទាំងនេះអះអាងថា របបលោក ហ៊ុន សែន មានបាបកម្ម ធ្ងន់ធ្ងរដែលបានបំផ្លាញតម្លៃព្រះសង្ឃ តម្លៃព្រះពុទ្ធសាសនានិងស្ថាប័នព្រះពុទ្ធសាសនា។
ហើយតាមរយៈនៃការបំផ្លាញនេះ ព្រះសង្ឃត្រូវនាំគ្នាថ្កោលទោស និងកាត់កាល់របបនេះចោលតែម្តង។
បណ្តាញព្រះសង្ឃខ្មែរនៅជុំវិញពិភពលោកក៏បានជំរុញ និងលើកទឹកចិត្តដល់ព្រះសង្ឃខ្មែរគ្រប់វត្តអារាមទាំងអស់ត្រូវធ្វើពិធីផ្កាប់បាត្រចំពោះគ្រួសារលោកហ៊ុន សែននិងមន្ត្រីក្នុងរបបនេះព្រមទាំងអ្នកនយោបាយឥតសាសនាជាច្រើននាក់ទៀត ដែលបានមាក់ងាយដល់ព្រះសង្ឃពុទ្ធសាសនា។
បណ្តាញព្រះសង្ឃទាំងនេះសំរេចធ្វើការដាក់ទោសព្រហ្មទណ្ឌ ទៅលើលោកហ៊ុន សែន ក្រុមគ្រួសារ និងមន្ត្រីពាក់ព័ន្ធដទៃទៀត តាមរយៈ ការឈប់និយាយរក ការឈប់ទាក់ទង ឈប់ស្និទ្ធស្នាល ឈប់ទទួលរាក់ទាក់ និងស្នើសុំអន្តរជាតិឱ្យឈប់ទាក់ទងផ្នែកការទូតជាមួយរបបដឹកនាំបែបផ្តាច់ការនេះទៀត៕