តុលាការក្រុងភ្នំពេញបើកសវនាការករណីលោកកឹម សុខដែលរងការប្តឹងដល់ទៅពីរបណ្តឹងពីលោកហ៊ុន សែន សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែសីហា បានបើកសវនាការករណីលោកគឹម សុខអំពីលើការអនុវត្តទោស ដើម្បីពិចារណាថា តើត្រូវដោះលែង ឬបន្ដឃុំខ្លួនទៀត នៅក្នុងសំណុំរឿងទី១ ដែលមេធាវីលោកហ៊ុន សែនប្តឹងប្រឆាំងលោកគឹម សុខ ពីបទចោទថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយនៃឃាតកម្មបាញ់សម្លាប់លោកបណ្ឌិតកែម ឡី។
ក្រោយពីបញ្ចប់សវនាការលើសំណុំរឿងទី១ ចប់នោះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ បានបន្តសាកសួរលើសំណុំរឿងទី២ ដែលមេធាវីរបស់លោកហ៊ុន សែន ប្តឹង លោកគឹម សុខពីបទចោទថា លោកហ៊ុន សែនជាអ្នកបង្កើតប្រព័ន្ធសម្លាប់មនុស្ស តែរកឃាតករមិនឃើញ។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកសៀង សុខចុះផ្សាយកាលពីថ្ងៃទី១៤ ខែសីហាថា សំណុំរឿង ទី១ របស់លោកគឹម សុខតុលាការនឹងអនុវត្តទៅតាមនីតិវិធី បន្ទាប់ពីលោកអនុវត្តទោសបានគ្រប់ចំនួន ហើយសំណុំរឿងទី២ តុលាការកំពុងធ្វើតាមនីតិវិធីសាកសួរ។
ទោះជាយ៉ាងណាក៏ដោយ គឺលោកគឹម សេងប្អូនប្រុសរបស់លោកគឹម សុខបានប្រាប់ក្រុមអ្នកសារព័ត៌មានដោយសង្ឃឹមថា តុលាការ នឹងដោះលែងបងប្រុសរបស់លោកឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី១៧ ខែសីហាខាងមុខនេះ ព្រោះបងប្រុសរបស់លោក បានអនុវត្តទោសជិតគ្រប់ចំនួនហើយ។
ជាងនេះទៅទៀតលោកក៏បានស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ផ្សេងៗទៀតមកលើបងប្រុសរបស់លោក៕