មន្រ្តីជាន់ខ្ពស់ការបរទេសរបស់អង់គ្លេសគ្រោងជួបលោកហ៊ុន សែន សម្រាប់ដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ីអាគ្នេយ៍ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃក្រសួងការបរទេស អង់គ្លេស លោកMark Fieldនឹងជួបប្រជុំទ្វេភាគីជាមួយលោកហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ី បង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ដូចជាឥណ្ឌូនេស៊ី ហ្វីលីពីន ព្រុយនេ ថៃ កម្ពុជា និងឡាវ។
សេចក្ដីប្រកាសព័ត៌មានស្ដីពីដំណើរទស្សនកិច្ចរបស់លោកMark Fieldមកកាន់តំបន់អាស៊ី បញ្ជាក់ថា ក្រៅពីជំនួបជាមួយលោកហ៊ុន សែន លោកក៏នឹងជួបជាមួយក្រុមអ្នកជំនាញដោះមីននៅកម្ពុជា ដែលទទួលបានជំនួយពីចក្រភពអង់គ្លេសក្នុងការដោះមីនលើផ្ទៃដីជាង៧០គីឡូមែត្រការ៉េក្នុងរយៈពេល៣ឆ្នាំ ស្របពេលដែលប្រទេសអង់គ្លេស សន្យាថា នឹងបន្តផ្ដល់ជំនួយដល់ការដោះមីននៅកម្ពុជារហូតដល់ឆ្នាំ២០២០។
កាលពីថ្ងៃទី៣១ ខែកក្កដា មន្រ្តីការបរទេសជាន់ខ្ពស់របស់អង់គ្លេសរូបនេះក៏បានចេញសេចក្ដីថ្លែងការណ៍ចាត់ទុកការបោះឆ្នោតដែលរៀបចំឡើងដោយរបបលោកហ៊ុន សែនថា មិនយុត្តិធម៌ មិនសេរី និងមិនអាចជឿទុកចិត្ដបាន។
ជាងនេះទៅទៀត លោកក៏បានជំរុញឲ្យរបបលោកហ៊ុន សែន ងាកមករកគន្លងប្រជាធិបតេយ្យវិញហើយបញ្ឈប់ការរឹតត្បិតផ្នែកនយោបាយ ផ្ដល់សេរីភាពដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ៕