ពលរដ្ឋសហគមន៍ដីធ្លីតំបន់បឹងកក់រំលឹកខួប២ឆ្នាំនៃ ការជាប់ពន្ធនាគាររបស់អ្នកស្រីទេព វន្នី ពលរដ្ឋសហគមន៍ដែលមានជម្លោះដីធ្លីក្នុងក្រុងភ្នំពេញ និងមន្រ្តីរបស់អង្គការសង្គមស៊ីវិលជិត២រយនាក់ កាលពីថ្ងៃទី១៥ ខែសីហា បាននាំគ្នាធ្វើពិធីសាសនា និងអុជទៀន ក្នុងតំបន់បឹងកក់នៅថ្ងៃពុធទី១៥ ខែសីហា ម្សិលមិញ។
នេះគឺជា ខួប២ឆ្នាំ នៃការជាប់ឃុំក្នុងពន្ធនាគាររបស់អ្នកស្រីទេព វន្នី។
ក្រុមប្រជាពលរដ្ឋទាំងនេះបាននាំគ្នាទាមទារឱ្យមានការដោះលែងអ្នកស្រីទេព វន្នីអោយមានសេរីភាពវិញ។
អ្នកស្រី ទេព វន្នី ដែលជាម្ចាស់ពានរង្វាន់ស្រី្តជាអ្នកដឹកនាំពិភពលោកឆ្នាំ២០១៣នៃអង្គការ Vital Voices ត្រូវបានតុលាការ នៃរបបលោក ហ៊ុន សែន កាត់ទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន១៤លានរៀល ពីបទប្រើអំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញ ដែលបានប្រព្រឹត្តឡើង នៅក្បែរផ្ទះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីឆ្នាំ២០១៣កន្លងទៅ។
សកម្មជនដីធ្លីតំបន់បឹងកក់ លោកចាន់ ពុទ្ធិស័ក បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងពេលធ្វើពិធីនោះថា ការជួបជុំគ្នានៅថ្ងៃខួប២ ឆ្នាំ នៃការជាប់ពន្ធនាគាររបស់អ្នកស្រី ទេព វន្នីនេះ គឺដើម្បីរំលឹកដល់វីរភាព និងការតស៊ូរបស់អ្នកស្រីសម្រាប់ប្រយោជន៍ពលរដ្ឋក្នុងសហគមន៍៕