33 C
Phnom Penh

កម្ពស់ទឹកក្នុងខេត្តបាត់ដំបងបានឡើងដល់កម្រិតប្រកាសអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពស់ទឹកក្នុងខេត្តបាត់ដំបងបានឡើងដល់កម្រិតប្រកាសអាសន្ន កម្ពស់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបងបានឡើងដល់ កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្នហើយនៅថ្ងៃទី១៧ ខែសីហានេះ ខណៈតំបន់ផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង ត្រូវបានទឹកជន់លិចជាបណ្ដើរៗ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីរបស់លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកចុះផ្សាយថា អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ជាច្រើននាក់កំពុងតែជួយអន្ដរាគមន៍យកបាវខ្សាច់ចំនួន ៥ពាន់បាវទៅបិទនៅតាមមាត់ស្ទឹងដែលទាបជាងគេ ក្នុងគោលបំណងការពារទឹកឡើងបន្ដ ហើយហូរចូលក្រុងបាត់ដំបង។

លោកចាន់ យុត្ថាបញ្ជាក់ថា ការកើនឡើងកម្ពស់ទឹកស្ទឹងសង្កែ ដោយសារភ្លៀងបានធ្លាក់ខ្លាំងពេកក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

ក្រសួងធនធានទឹកនឹងឧតុនិយមកាលពីថ្ងៃទី១៥ ខែសីហា ប្រកាសថា ស្ថានភាពទឹកជំនន់ផ្នែកខាងលើនៃដងទន្លេមេគង្គបានស្រកចុះជាបណ្តើរៗខ្លះហើយ ប៉ុន្តែនៅផ្នែកខាងក្រោមនៃទន្លេមេគង្គវិញ ស្ថានភាពទឹកនៅតែបង្កជាក្តីបារម្ភ និងមានការគំរាមកំហែងដល់សុវត្ថិភាពរបស់ពលរដ្ឋដដែល។

រហូតមកទល់ពេលនេះ ជំនន់ទឹកទន្លេ មេគង្គនៅក្នុងខេត្តស្ទឹងត្រែងបានស្រកចុះខ្លះហើយ ប៉ុន្តែនៅក្នុងខេត្តក្រចេះនិងខេត្តកំពង់ចាម កម្រិតទឹកទន្លេមេគង្គបានឡើងហួសកម្រិតប្រកាសអាសន្ន ហើយកំពុងជះឥទ្ធិពលដល់ទន្លេបាសាក់ក្នុងខេត្តកណ្តាល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស