មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំសរសើរដល់ដំណើរការប្រឡងបាក់ឌុប ថ្ងៃទី១ថាប្រព្រឹត្តិទៅដោយរលូន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន សម្តែងការសាទរចំពោះការប្រឡងបាក់ឌុបថ្ងៃទីមួយកាលពីម្សិលមិញថា គ្មានបេក្ខជនណាម្នាក់បានលួចលាក់យកសំណៅឯកសារចូលក្នុងបន្ទប់ប្រឡងនោះទេ។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា កន្លងមកក្រសួងបានខិតខំធ្វើការផ្លាស់ប្តូរឥរិយាបទរបស់គ្រូបង្រៀនមាន និងខិតខំប្រឹងប្រែងលើកទឹកចិត្តឲ្យសិស្សខំរៀនសូត្រជាងមុន។
លោកបន្តថា បើសិស្សរៀនពូកែវាគឺជាដើមទុនដ៏សំខាន់ដើម្បីឲ្យពួកគេទទួលបានការងារល្អ និងមានលទ្ធភាពក្នុងបន្តចំណេះដឹងរបស់ពួកគេទៅថ្នាក់ឧត្តមសិក្សាថែមទៀត។
ការប្រឡងបាក់ឌុបធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២១ ខែសីហា។
សិស្សដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០១៨នេះ មានជិត១២ម៉ឺននាក់ ហើយចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម និងមានមណ្ឌលប្រឡង ជិត២០០មណ្ឌលទូទាំង២៥ខេត្ត-រាជធានី។
សម្រាប់ឆ្នាំ២០១៨ នេះ ក្រសួងអប់រំប្រកាន់យកគោលការណ៍ «អ្នកចេះគឺជាប់»។
ម្យ៉ាងទៀតក្រសួងបានចេញវិធានការម៉ឹងម៉ាត់ថា បេក្ខជនណាដែលជួលមនុស្សឲ្យប្រឡងជំនួស គឺត្រូវកំណត់ឲ្យធ្លាក់ និងផ្អាកមិនឲ្យប្រឡងរយៈពេលពីរឆ្នាំជាប់ៗគ្នាតែម្តង ហើយជននោះនឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ថែមទៀត៕