តំណាងរាស្រ្តអូស្ត្រាលីបន្តអំពាវនាវឲ្យតុលាការក្រុងភ្នំពេញ ដោះលែងលោកកឹម សុខា ឲ្យមានសេរីភាពឡើងវិញ សមាជិកសភាអូស្ត្រាលីមកពីគណបក្សពលករអូស្រ្តាលី នៃរដ្ឋ វិកតូរីយ៉ា (Victoria) លោក ជូលៀន ហ៊ីល (Julian Hill) បានថ្លែងនៅក្នុងកិច្ចប្រជុំសភាអូស្រ្តាលីកាលពីថ្ងៃទី២០ ខែសីហា ជំរុញឲ្យតុលាការកំពូល ដោះលែងលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិឲ្យមាន សេរីភាពឡើងវិញ។
ក្រុមមេធាវីរបស់លោក កឹម សុខា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តុលាការកំពូលនឹងបើកសវនាការករណីលោក កឹម សុខា នៅថ្ងៃទី២២ ខែសីហាខាងមុខ។
ប៉ុន្តែពួកគេអះអាងថា រហូតមកទល់ពេលនេះ លោកកឹម សុខានៅមិនទទួលបានដីការកោះហៅ ឲ្យចូលខ្លួនក្នុងសវនការកំពូលនៅឡើយទេ។
លោកជូលៀន ហ៊ីលក៏បានជំរុញឲ្យរដ្ឋាភិបាលអូស្រ្តាលីត្រូវតែនិយាយទៅកាន់របបលោក ហ៊ុន សែន ឲ្យដោះលែងលោក កឹម សុខា វិញ បើមិនដូច្នោះទេ រដ្ឋាភិបាលអូស្រ្តាលី ត្រូវតែដាក់ទណ្ឌកម្មទៅរបបលោកហ៊ុន សែន ដូចជាការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ពស់ក្នុងរបបលោក ដោយសារពួកគេបានរំលោភសិទ្ធិមនុស្ស បំផ្លាញលទ្ធិប្រជាធិបតេយ្យ ធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មាន និងក្រុមអង្គការសង្គមស៊ីវិល។
តំណាងរាស្រ្តអូស្រ្តាលីរូបនេះ ក៏បានស្នើឲ្យមានការកោះប្រជុំប្រទេសជាម្ចាស់ហត្ថលេខីក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងកើតមាននៅកម្ពុជា បច្ចុប្បន្ន៕