30.1 C
Phnom Penh

សកម្មជនបឹងកក់អ្នកស្រី ទេព វន្នីត្រូវបានដោះលែងពីពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនបឹងកក់អ្នកស្រី ទេព វន្នីត្រូវបានដោះលែងពីពន្ធនាគារ ព្រះមហាក្សត្រកាលពីថ្ងៃទី២០ ខែសីហា បានព្រះរាជទានលើកលែងទោសអ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ ឲ្យមានសេរីភាពឡើងវិញ ក្រោយពីអ្នកស្រីត្រូវបានតុលាការនៃរបបលោកហ៊ុន សែន សម្រេចឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង២ឆ្នាំកន្លងមកនេះនិងឲ្យបានត្រឡប់ទៅផ្ទះវិញកាលពីយប់ថ្ងៃទី២០ ខែ សីហា ក្នុងថ្ងៃដដែលនេះដែរ។

ក្រោយពេលព្រះរាជអាជ្ញាធរនៃរបបលោកហ៊ុន សែន ដោះលែងកាលពីថ្ងៃច័ន្ទ អ្នកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការដោះលែងនេះមានភាពយឺតយ៉ាវបន្តិចដោយសារតែអ្នកស្រីបានទទួលរងភាពអយុត្តិធម៌ក្នុងពន្ធនាគារយ៉ាងខ្លោចផ្សា។

អ្នកស្រីបន្តថា ទោះបីជាអ្នកស្រីមានសេរីភាពវិញក៏ដោយ ប៉ុន្តែអ្នកស្រីនៅតែជាប់ដិតដាមដោយការឈឺចាប់ដូចជាស្រមោលអន្ទោលតាមប្រាណ ដែលអ្នកស្រីត្រូវរស់នៅក្នុងពន្ធនាគារអស់រយៈពេលជាង២ឆ្នាំ រងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តធ្ងន់ធ្ងរ។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ តុលាការក្រុងភ្នំពេញបានសម្រេចផ្ដន្ទាទោសអ្នកស្រីទេព វន្នី ឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំកន្លះ និងពិន័យប្រាក់បង់ចូលរដ្ឋចំនួន៥លានរៀល ព្រមទាំងសងជំងឺចិត្តសន្តិសុខពីរនាក់ជាដើមបណ្ដឹងចំនួន៩លានរៀលពីបទហិង្សាដោយចេតនា លើសន្តិសុខសាលាខណ្ឌដូនពេញដែលបានប្រព្រឹត្តនៅក្បែរផ្ទះលោកហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣។

ក្រៅពីការលើកលែងទោស អ្នកស្រីទេព វន្នី ព្រះមហាក្សត្រក៏បានព្រះរាជទានលើកលែងទោសដល់អ្នកស្រី ហេង មុំ អ្នកស្រី បូ ឆវី និងអ្នកស្រីគង់ ចន្ថាឲ្យរួចផុតពីការចោទប្រកាន់ ពីបទប្រមាថអ្នករាជការសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស