ភ្នាក់ងារអង្គការសហប្រជាជាតិស្វាគមន៍ការដោះលែងអ្នកស្រីទេព វន្នី ការិយាល័យរបស់ឧត្តមស្នងការនៃអង្គការសហប្រជាជាតិស្វាគមន៍ អ្នកស្រីទេព វន្នី និងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូបដែលតុលាការនៃរបបលោកហ៊ុន សែនទើបដោះលែង។
Twitter របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃពុធ ទី២២ ខែសីហា សង្ឃឹមថា របបលោកហ៊ុន សែននឹងមានការដោះលែងអ្នកទោសនយោបាយដទៃទៀត ដើម្បីឲ្យពួកគេមានសេរីភាពជួបជុំក្រុមគ្រួសារឡើងវិញ។
កាលពីថ្ងៃទី២០ ព្រះមហាក្សត្របានព្រះរាជទានលើកលែងទោស អ្នកស្រីទេព វន្នី សកម្មជនបឹងកក់ឲ្យមានសេរីភាពឡើងវិញ ក្រោយពីអ្នកស្រីត្រូវបានតុលាការនៃរបបលោកហ៊ុន សែនសម្រេចឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង២ឆ្នាំ។
ហើយនៅថ្ងៃទី២១ ខែសីហា តុលាការនៃរបបលោកហ៊ុន សែន បានដោះលែងបណ្តោះអាសន្នអតីតអ្នកយកព័ត៌មានអាស៊ីសេរីក្រោយពេលពួកគេជាប់ពន្ធនាគារ អស់រយៈពេលជិត១ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានទាមទារឲ្យតុលាការកម្ពុជាទម្លាក់ចោលបទប្រកាន់លោក អ៊ួន ឈិន និងលោកយាង សុធារិន្ទទាំងស្រុងតែម្តង៕