តុលាការកំពូលសម្រេចឃុំខ្លួនលោក កឹម សុខា បន្តទៀត តុលាការកំពូលសម្រេចឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្តទៅទៀត នៅក្នុងសវនាការជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំជាលើកទី២ កាលពីថ្ងៃទី២២ ខែសីហា។
លោក ផែង ហេង ដែលជាសមាជិកក្រុមមេធាវីរបស់លោក កឹម សុខា បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលបញ្ចប់សវនាការថា ក្រុមប្រឹក្សាជំនុំជម្រះបានសំអាងហេតុផលក្នុងការបន្តឃុំខ្លួនលោកកឹម សុខាថា គឺដើម្បីរក្សាលោក កឹម សុខាក្នុងការស៊ើបសួរ និងការពារកុំឱ្យមានបទល្មើសថ្មីកើតឡើង។
លោកផែង ហេងអះអាងថា ក្រុមមេធាវីរបស់លោកកឹម សុខា ដទៃទៀតបានខកចិត្តចំពោះការសម្រេចរបស់តុលាការកំពូល ដែលនៅតែបន្តឃុំខ្លួនកូនក្តីរបស់ពួកគេ។
ពួកគេសម្តែងការព្រួយបារម្ភជាខ្លាំងថា លោកកឹម សុខា កំពុងមានជំងឺគាបសរសៃធ្ងន់ធ្ងរដែលត្រូវទទួលការវះកាត់ ហើយការដែលបន្តឃុំឃាំងលោកតទៅទៀត អាចនឹងធ្វើឲ្យលោកជួបគ្រោះថ្នាក់ផ្នែក សុខភាពធ្ងន់ធ្ងរ។
លោកកឹម សុខា ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញសម្រុកចូលចាប់ខ្លួននៅក្នុងផ្ទះរបស់លោក ទាំងកណ្តាលអាធ្រាតត្រកាលពីខែកញ្ញា ឆ្នាំ ២០១៧កន្លងទៅ តាមបញ្ជារបស់លោក ហ៊ុន សែន ដែលចោទពីបទក្បត់ជាតិ។
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ អាចប្រឈមនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ដល់៣០ ឆ្នាំ ប្រសិនបើតុលាការសម្រេចថា លោកពិតជាមានទោសមែននោះ៕