40.6 C
Phnom Penh

អង់គ្លេសជំរុញឲ្យរបបលោកហ៊ុន សែនលុបចោលការរឹតត្បិតផ្នែកនយោបាយ និងសេរីភាពសារព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង់គ្លេសជំរុញឲ្យរបបលោកហ៊ុន សែនលុបចោលការរឹតត្បិតផ្នែកនយោបាយ និងសេរីភាពសារព័ត៌មាន អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក លោកMark Field ជំរុញឲ្យរបបលោកហ៊ុន សែន លុបចោលការរឹតត្បិតផ្នែកនយោបាយ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។

លោក Mark Field បានសរសេរនៅក្នុងបណ្តាញTwitter របស់លោក ក្រោយពេលជួបជាមួយលោកហ៊ុន សែន កាលពីព្រឹកថ្ងៃទី២២ ខែសីហា ថា លោកបានបញ្ជាក់អំពីការពង្រឹងទំនាក់ទំនងរវាងពលរដ្ឋនៃប្រទេសទាំងពីរ ក្នុងនោះរួមមានការផ្តល់អាហារូបករណ៍ និងគម្រោងដោះមីនជាដើម។

ជាងនេះទៅទៀត លោកក៏បានទាមទារឲ្យលោកហ៊ុន សែនបញ្ឈប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកក្រុមគណបក្សប្រឆាំង បណ្តាញសារព័ត៌មានឯករាជ្យ និងក្រុមអង្គការសង្គមស៊ីវិល។

លោក Mark Field បានសរសេរបន្ថែមថា លទ្ធិប្រជាធិបតេយ្យអាចដំណើរការទៅបាន ចាំបាច់ត្រូវតែមានការស្តាប់មតិយោបល់របស់សង្គមស៊ីវិល។

ប៉ុន្តែ លោក ហ៊ុន សែន បានសរសេរនៅគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃពុធថា លោកបានស្នើឲ្យចក្រភពអង់គ្លេស ពិចារណាធ្វើយ៉ាងណា ជួយដល់វិស័យដោះមីន តាមរយៈការបង្កើតមជ្ឈមណ្ឌលដោះមីនអាស៊ានមួយ ហើយមជ្ឈមណ្ឌលនេះត្រូវមានទីតាំងនៅកម្ពុជា ដែលអាចធ្វើការបណ្តុះបណ្តាល ឬបង្រៀនពលរដ្ឋក្នុងតំបន់អាស៊ានឲ្យចេះជំនាញដោះមីន និងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀត។

ក្រៅពីជំនួបជាមួយលោក ហ៊ុន សែន នេះ លោក Mark Field ក៏បានជួបជាមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត រួមមាន លោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហង្ស ជួនណារ៉ុង រដ្ឋមន្ត្រីអប់រំ និងមន្ត្រីសង្គមស៊ីវិលជាច្រើនទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស